ទីភ្នាក់ងារអវកាសជប៉ុនបានឱ្យដឹងនៅថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) នេះថា រ៉ូកែតប្រើប្រាស់ឡើងវិញបានគំរូដើមរបស់ខ្លួន បានបញ្ចប់ការធ្វើតេស្តហោះឡើង និងចុះចតលើកដំបូងដោយជោគជ័យ ដែលជាជំហានមួយឆ្ពោះទៅមុខ នៅក្នុងបច្ចេកវិទ្យាកាត់បន្ថយការចំណាយដែលគ្របដណ្តប់ដោយក្រុម SpaceX។
គំរូដើម ឬម៉ូដែលដើម ដែលត្រូវបានបាញ់បង្ហោះចេញពីកន្លែងសាកល្បងរបស់ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ក្នុងទីក្រុង Noshiro របស់តំបន់ Akita បានហោះឡើងដល់កម្ពស់ប្រហែល ១០ម៉ែត្រ ហើយបន្ទាប់មកបានចុះចត។ បើយោងតាម JAXA បានបញ្ជាក់ថា ការហោះហើរនេះមានរយៈពេលប្រហែល ៤០វិនាទី។
លោក Takashi Ito មកពី JAXA ដែលបានដឹកនាំការបាញ់បង្ហោះនេះ បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំមានអារម្មណ៍ថា យើងបានចំណាយពេលវេលា និងការខិតខំប្រឹងប្រែងយ៉ាងច្រើនលើរឿងនេះ ហើយឥឡូវនេះ គំរូដើមបានហោះឡើង និងចុះចតដោយគ្មានបញ្ហា។ ខ្ញុំត្រូវតែនិយាយថា ខ្ញុំមានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំង»។
លោក Ito បានបន្ថែមថា ទីភ្នាក់ងារនឹងពិនិត្យទិន្នន័យ ដើម្បីកំណត់យ៉ាងពេញលេញ អំពីភាពជោគជ័យនៃការសាកល្បងនេះ ប៉ុន្តែលោក «មានទំនុកចិត្ត» ថា វា «ទទួលបានទិន្នន័យដែលមានប្រយោជន៍ខ្លាំងណាស់»។
គួរបញ្ជាក់ថា រ៉ូក្កែតភាគច្រើនត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់តែម្តងប៉ុណ្ណោះ ដោយសមាសធាតុត្រូវធ្លាក់ចូលទៅក្នុងសមុទ្រ ឆេះនៅក្នុងបរិយាកាស ឬនៅតែស្ថិតក្នុងគន្លងតារាវិថីជាកម្ទេចកម្ទី។ ដំណាក់កាលបាញ់បង្ហោះដំបូងត្រូវបានចាត់ទុកថា ជាសមាសធាតុថ្លៃបំផុត។
ប៉ុន្តែការដាក់ពង្រាយរ៉ូកែតដែលអាចប្រើឡើងវិញបានដោយផ្នែក នឹងកាត់បន្ថយការចំណាយថ្លៃដើមបាញ់បង្ហោះ។ ក្រុមហ៊ុន SpaceX នៅសហរដ្ឋអាមេរិក បានដំណើរការរ៉ូកែត Falcon 9 ដែលអាចប្រើឡើងវិញបានរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៧៕

