អ៊ីរ៉ង់បានទទូចនៅថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) នេះថាខ្លួន បាន «រក្សាពាក្យសន្យា» ជុំវិញបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានលើកឡើងដដែលៗថា កិច្ចព្រមព្រៀងនេះបានចប់ហើយ ប៉ុន្តែលោកបានយល់ព្រមឱ្យមានការចរចាបន្ថែមជាមួយសាធារណរដ្ឋអ៊ិស្លាម។
ការអត្ថាធិប្បាយទាំងនេះបានបង្ហាញពីកម្រិតទាបថ្មីនៅក្នុងទំនាក់ទំនងរវាងគូអរិ បន្ទាប់ពីការវាយប្រហារតបតគ្នា ក្នុងសប្តាហ៍នេះ បានធ្វើឱ្យរង្គោះរង្គើដល់កិច្ចព្រមព្រៀងផុយស្រួយដែលមានគោលបំណងប្រែក្លាយបទឈប់បាញ់រយៈពេលជាច្រើនខែទៅជាសន្តិភាពយូរអង្វែង និងបានគំរាមកំហែងពីការត្រឡប់ទៅរកការធ្វើសង្គ្រាមពេញបន្ទុកក្នុងតំបន់វិញ។
លោក Trump បានបង្កើនវោហាសាស្ត្រដាក់សម្ពាធភាគីជម្លោះ នៅថ្ងៃសៅរ៍នេះ ដោយគំរាមកំហែង នៅក្នុងសារលើបណ្ដាញសង្គំ Truth Social ថា នឹង «បំផ្លាញអ៊ីរ៉ង់ទាំងស្រុង» ប្រសិនបើប្រទេសនេះព្យាយាម ឬធ្វើឃាតលោកដោយជោគជ័យ។
វាបានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតី បានយល់ព្រមចរចាបន្ថែមជាមួយអ៊ីរ៉ង់ ទោះបីជាលោកបានលើកឡើងម្តងហើយម្តងទៀតថា បទឈប់បាញ់បានចប់ហើយក្ដី ពោលគឺត្រឹមតែប៉ុន្មានសប្តាហ៍ក្រោយទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីជំរុញសន្តិភាព។
យ៉ាងណាក្ដី រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានតបតខ្លាំងៗវិញ នៅថ្ងៃសៅរ៍នេះ ដោយទទូចថា ទីក្រុងតេអេរ៉ង់ «រហូតមកដល់ពេលនេះបានរក្សាពាក្យសន្យារបស់ខ្លួន មិនដូចអ្វីដែលហៅថា រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក ដែលកំពុងរំលោភលើមាត្រា៩ នៃ MOU»។
ការលើកឡើងនោះ សំដៅទៅលើផ្នែកនៃ MOU ដែលថា អ៊ីរ៉ង់នឹង «រក្សាស្ថានភាពបច្ចុប្បន្ននៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន» ហើយសហរដ្ឋអាមេរិក «នឹងមិនដាក់ទណ្ឌកម្មថ្មីណាមួយឡើយ ហើយនឹងមិនដាក់ពង្រាយកងកម្លាំងបន្ថែម នៅក្នុងតំបន់» ដោយរង់ចាំកិច្ចព្រមព្រៀងចុងក្រោយ។
លោក Araghchi បានសង្កត់ធ្ងន់ថា៖ «ការរំលោភបំពាននោះកើតឡើងបន្ទាប់ពីមានការរំលោភបំពាន និងកំហុសឆ្គងផ្សេងទៀតរបស់សហរដ្ឋអាមេរិក។ ស្ថានភាពពិត គឺថា មានតែភាគីទាំង២ អនុលោមតាមគ្នាទៅវិញទៅមកប៉ុណ្ណោះ»៕


