ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃសៅរ៍ (ទី១១ ខែកក្កដា ឆ្នាំ២០២៦) នេះថា ការឆ្លងជំងឺ Ebola ដែលត្រូវបានបញ្ជាក់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានមានចំនួនលើសពី ១.៨០០ករណីហើយ ខណៈដែលវីរុសនេះបានរាលដាលដល់ខេត្តទី៤ នៅភាគឦសានប្រទេស។
ចំនួនឆ្លងសរុបបានកើនឡើងដល់ ១.៨៣០ករណី ក្នុងនោះរួមមានទាំងការស្លាប់ ៦៤៨ករណី ចាប់តាំងពីការផ្ទុះឡើងនូវជំងឺនេះ ត្រូវបានប្រកាសកាលពីថ្ងៃទី១៥ ខែឧសភា។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពស្ថានភាពរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះ ក្រសួងបានឱ្យដឹងទៀតថា អ្នកជំងឺប្រហែល ៧៨០នាក់ កំពុងស្ថិតក្នុងការព្យាបាល ខណៈមនុស្ស ២៨៤នាក់ បានជាសះស្បើយ។ ការផ្ទុះឡើងនៃជំងឺនេះត្រូវបានប្រមូលផ្តុំនៅក្នុងខេត្ត Ituri, North Kivu និង South Kivu។ ហើយក្រសួងបានបន្ថែមថា ការឆ្លើយតបចំពោះជំងឺអេបូឡានៅតែបន្តក្នុងខេត្តទាំង៣ ដោយមាន «ការពង្រឹងការសម្របសម្រួលជាតិ ការឃ្លាំមើលរោគរាតត្បាត និងការរៀបចំសហគមន៍»។
តែយ៉ាងណាក្ដី កាលពីថ្ងៃសុក្រ អាជ្ញាធរបានរាយការណ៍ថា ការផ្ទុះឡើងនៃជំងឺនេះ បានឆ្លងរាលដាលដល់ខេត្តថ្មី Haut-Uele នៅភាគឦសាននៃប្រទេសកុងហ្គោ បន្ទាប់ពីករណីស្លាប់ចំនួន ៧នាក់ ត្រូវបានបញ្ជាក់នៅក្នុងតំបន់សុខភាព Wamba។
អ្នកផ្តល់ជំនួយ និងដៃគូ បានសន្យាផ្តល់ជំនួយចំនួន ៩១០លានដុល្លារ ដើម្បីគាំទ្រដល់ការឆ្លើយតបជំងឺ Ebola នៅកុងហ្គោ និងអ៊ូហ្គង់ដា ជាកន្លែងដែលការឆ្លង ២០ករណី ត្រូវបានរាយការណ៍៕



