ព្យុះទីហ្វុងដ៏ខ្លាំងក្លា Bavi បានបោកបក់ដល់ដីគោក នៅប្រទេសចិន ដែលជាព្យុះទី ២ ក្នុងរយៈ ១សប្តាហ៍ វាយប្រហារប្រទេសមួយនេះ ក្នុងនោះ មនុស្សជិត ២លាននាក់ ត្រូវបានជម្លៀសចេញពីតំបន់ស្ថិតនៅតាមផ្លូវរបស់ព្យុះ ។
ព្យុះទីហ្វុង Bavi ដែលលាតសន្ធឹងចម្ងាយ ១ពាន់គ.ម ដំបូងបានបោកបក់ដល់ទីក្រុងតំបន់ឆ្នេរ Taizhou កាលពីល្ងាចថ្ងៃសៅរ៍ មុនពេលបោកបក់ដល់ដីគោកជាលើកទី ២ នៅទីក្រុង Wenzhou កាលពីយប់រំលងអាធ្រាត្រ ។
ក្រោយបោកបក់ឆ្លងកាត់កោះដាច់ស្រយាលរបស់ជប៉ុន ព្យុះមួយនេះក៏បាននាំមកជាមួយភ្លៀងធ្លាក់ខ្លាំងនៅកោះតៃវ៉ាន់ ។ ចំណែកឯបំណាក់ដីបង្កឡើងដោយសារចំហាយព្យុះ បានសម្លាប់មនុស្ស ១៧នាក់ផងដែរនៅប្រទេសហ្វីលីពីន ។
បើទោះបីជាកម្លាំងរបស់វាថមថយមកនៅកម្រិតព្យុះត្រូពិកយ៉ាងណាក្តី វានៅតែមានហានិភ័យដដែល សម្រាប់ការភ្លៀងធ្លាក់ខ្លាំង ។
ក្រុមអាជ្ញាធរនិយាយថា ព្យុះ Bavi ត្រូវបានគេព្យាករថា នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគខាងកើត Zhejiang និងខេត្តភាគឦសាន Fujian នាថ្ងៃអាទិត្យនេះ ហើយការជម្លៀសខ្លួន ត្រូវបានធ្វើឡើង ។
ក្រុមអាជ្ញាធរនិយាយថា មនុស្សជាង ១,៧លាននាក់ ត្រូវបានជម្លៀសខ្លួននៅខេត្ត Zhejiang និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតនៅខេត្តជិតខាង ខណៈជើងហោះហើរ ៤០០វ៉ុល និងសេវាកម្មរថភ្លើងរាប់សិបខ្សែត្រូវបានលុបចោល ៕

