លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមដំណើរដោយ លោក សឿង ចក់ និងក្រុមការងារពិសេស នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនអតីតសកម្មជនរបស់គណបក្សភ្លើងទៀនសរុបចំនួន ១០២នាក់ ដែលបានស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីជួបសំណេះសំណាល និងទទួលស្វាគមន៍នេះ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តកណ្តាលក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាលផងដែ។
សកម្មជនទាំង១០២នាក់មកពីបណ្តាលឃុំនានាមានដូចជា៖ ឃុំស្វាយប្រទាល ឃុំត្រើយស្លា ឃុំខ្ពប ឃុំតាលន់ នៃស្រុកស្អាង និងឃុំកោះធំ(ក) នៃស្រុកកោះធំ ក្រោមបរិយាកាសដ៏ស្និទ្ធស្នាល និងរីករាយជាគ្រួសារខ្មែរតែមួយ។
នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោក រស់ ចំណាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។
លោក រស់ ចំណាន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនអតីតសកម្មជនទាំងអស់ ដែលបានមើលឃើញច្បាស់ពីតថភាពសង្គម នូវការអភិវឌ្ឍពិតប្រាកដ និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សតែមួយគត់ដែលមានភាពចាស់ទុំខាងនយោបាយ មានរចនាសម្ព័ន្ធរឹងមាំ និងតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ លោកក៏បានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់ និងគាំទ្រលើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចបវរធិបតី កុំជឿលើការញុះញង់ របស់ក្រុមជ្រុលនិយមមួយចំនួនដែលតែងតែលាបពណ៌មកលើថ្នាក់ដឹកនាំជារឿយៗ។
តំណាងអតីតសកម្មជនដែលទើបចូលរួមជីវភាពនយោបាយថ្មី ក៏បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងស្មោះត្រង់ ការពារតម្លៃសន្តិភាព និងរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជារៀងរហូត។
បន្ទាប់ពីបញ្ចប់ពិធីទទួលស្វាគមន៍ លោក រស់ ចំណាន និងក្រុមការងារ ក៏បានបន្តដំណើរចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយសប្បុរសធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹង នៅក្នុងស្រុកស្អាង ចំនួន ៤គ្រួសាររួមមាន៖
- គ្រួសារទី១៖ អ្នកមីង ម៉ៅ ប៉ន រស់នៅភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។
- គ្រួសារទី២៖ លោក លាប សំណាង រស់នៅភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។
- គ្រួសារទី៣៖ លោកយាយ សោម វ៉ាត រស់នៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
- គ្រួសារទី៤៖ លោកអ៊ំប្រុស ឆយ ឈុំ រស់នៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។
អំណោយដែលបានចែកជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ, ត្រីខ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ ភួយ ព្រមទាំងថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូន។
ជាទីបញ្ចប់ បងប្អូនប្រជាពលរដ្ឋខ្វះខាត និងសមាជិកថ្មីទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងបានបួងសួងជូនពរដល់សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម គួច ចំរើន ព្រមទាំងក្រុមការងារ សូមឲ្យមានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរុងរឿងជារៀងរហូតតទៅ៕ អត្ថបទ៖ វង្ស សុភាព








