នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដែលបានទៅដល់កន្លែងកើតហេតុ និងក្រុមមន្ត្រីផ្សេងទៀតបាននិយាយនៅថ្ងៃចន្ទ ១៣ កក្កដានេះ ថា អគ្គិភ័យដ៏សន្ធោសន្ធៅនៅក្លឹបកម្សាន្តរាត្រីដ៏ពេញនិយមមួយកន្លែងក្នុងទីក្រុងបាងកករបស់ប្រទេសថៃ បានសម្លាប់មនុស្ស ២៧ នាក់ ដែលជាឧបទ្ទវហេតុដ៏សាហាវបំផុតមួយក្នុងចំណោមឧបទ្ទវហេតុធ្ងន់ធ្ងរបំផុតជាច្រើននៅក្នុងមជ្ឈមណ្ឌលទេសចរណ៍មួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

អ្នករួចជីវិតបាននិយាថា អគ្គិភ័យនេះបានឆាបឆេះ នៅម៉ោង១១និង៥៧នាទីយប់កាលពីថ្ងៃអាទិត្យ១២កក្កដា នៅក្នុងស្រុក Chatuchak របស់ទីក្រុងបាងកក។
អ្នកសារព័ត៌មាន AFP ម្នាក់បានមើលឃើញថង់សាកសពខ្មៅ ស ជាច្រើននៅលើដីនៅខាងក្រៅក្លឹបកម្សាន្តរាត្រី និងភោជនីយដ្ឋាន Rong Beer Na Lat Phrao នៅព្រឹកព្រលឹមថ្ងៃចន្ទនេះ ខណៈបុគ្គលិកសេវាសង្គ្រោះបន្ទាន់រាប់សិបនាក់បានប្រមូលផ្តុំគ្នានៅកន្លែងកើតហេតុ។
សាកសពដែលមានលេខរៀងស្ថិតនៅជាពីរជួររង់ចាំការបញ្ជូនចេញ ត្រូវបានហ៊ុមព័ទ្ធដោយក្រុមអ្នកជួយសង្គ្រោះមួយចំនួនធំ។

លោក Chadchart Sittipunt អភិបាលក្រុងបាងកកបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅកន្លែងកើតហេតុនៅជាយរាជធានីរបស់ថៃថា អគ្គិភ័យបានរាលដាលយ៉ាងលឿន រហូតដល់ពិដាន។ ផ្សែងទំនងជាមូលហេតុចម្បងនៃការស្លាប់។
លោកបាននិយាយថា មនុស្ស ២៧ នាក់បានស្លាប់ និង ៦៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររបួស រួមទាំង ២២ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយបន្ថែមថាអាជ្ញាធរបានបើកការស៊ើបអង្កេតហើយ៕

