ស្ទឹងត្រែង ៖ វិស័យឯកជនបានបង្កើត រមណីយដ្ឋានថ្មីមួយដាក់ឈ្មោះថា (និស្ស័យស្នេហ៍សេសាន) នៅភូមិ-ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីបានថែរក្សាធនធានសម្បត្តិធម្មជាតិផង និងបានលើកស្ទួយវិស័យទេសចរណ៍នៅក្នុងស្រុក។
សកម្មភាពអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ បែបធម្មជាតិនិងកែច្នៃ ត្រូវបានលោក កៃ តុលា បានដាក់ទន់ក្នុងការបង្កើតតំបន់រមណីយដ្ឋាននេះ បានបញ្ជា្កក់ថា ៖ សមិទ្ធផលនេះប្រជាពលរដ្ឋនៅក្នុងស្រុកសេសាន បានចូលរួមគាំទ្រ និងបានឯកភាពគ្នាដាក់ឈ្មោះថា (និស្ស័យស្នេហ៍សេសាន) ដែលបច្ចុប្បន្នកំពុងរៀបចំឡើងដើម្បីទទួលស្វាគមន៍ក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
លោកបន្តថា ៖ នៅពេលមានរមណីយដ្ឋានមួយនេះ វាជាផ្នែកមួយ បានទាក់ទាញឲ្យកូនចៅ មានកន្លែងកម្សាន្ត ក្នុងស្រុកភូមិ ដោយមិនព្រួយបារម្ភ ពីបញ្ហាផ្សេងៗ ហើយក៏មិនបានចំណាយថវិកា និងពេលវេលាទៅឆ្ងាយ ជាពិសេសប្រជាពលរដ្ឋអាចអាចរកប្រាក់ចំណូលបានតាមរយះភ្ញៀវចូលមកទស្សនាផងដែរ។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត បាន គាំទ្រចំពោះការរៀបចំអភិវឌ្ឍរមណីយដ្ឋាននេះ ព្រោះនៅពេលមានភ្ញៀវទេសចរមកកម្សាន្តច្រើន អាចផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ បានលក់ដូរផលកសិកម្មរបស់ខ្លួនដែលផលិតបាន។
លោកប្រធាន មន្ទីរស្នើឱ្យម្ចាស់រមណីយដ្ឋានធ្វើការអភិវឌ្ឍឱ្យដើរទន្ទឹមគ្នា ជាមួយនិងការអភិរក្សព្រោះពិនិត្យឃើញថា តំបន់នេះ មានសក្ដានុពលធម្មជាតិច្រើន រាប់ទាំងសម្បត្តិមរតកនៅសេសសល់ពីបុព្វបុរសខ្មែរយើងផងដែរ ។
លោក សុ វណ្ណពិសេដ្ឋ អភិបាលស្រុក បានបញ្ជាក់ថា សក្តានុពលនៅទីនេះ មានតម្លៃសម្រាប់បំរើឲ្យវិស័យទេសចរណ៍មែន ហើយក្នុងនាមអាជ្ញាធរលោកបានតម្រូវឲ្យផ្នែកវិស័យឯកជន អនុវត្តឲ្យត្រឹមត្រូវតាមការណែនាំរបស់មន្ទីរទេសចរណ៍ ដើម្បីធ្វើឲ្យមានការទាក់ទាញផង នឹងការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវផង- ហើយអាជ្ញាធរ និងសហការចូលរួមធ្វើឱ្យ ការអភិវឌ្ឍវិស័យទេសចរណ៍នេះ ដំណើរទៅមានភាពរលូន។
លោកស្រី ស៊ឺម ចិន្តា ប្រជាពលរដ្ឋនៅភូមិឃុំកំភុន សង្ឃឹមថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងខាងមុខនេះ នឹងមានភ្ញៀវទេសចរមកលេងកម្សាន្ត ហើយអ្នកភូមិ នឹងទទួលបានប្រាក់ចំណូលពីការលក់កសិផលដោយ មិនចាច់នាំយកទៅទីផ្សារ ដែលត្រូវចំណាយលើ មធ្យោបាយដឹកជញ្ជូន៕
មាស ផល