សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងប្រទេសអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍ បានបង្ហាញពីការចរចារវាងអ៊ីរ៉ង់និងប្រទេសអូម៉ង់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅក្នុងទីក្រុង Muscat ប្រទេសអូម៉ង់។

សេចក្តីថ្លែងការណ៍និយាយថា ការចរចាផ្តោតសំខាន់លើការរៀបចំសម្រាប់ការគ្រប់គ្រងច្រកសមុទ្រហ័រមូស ហើយ «គួឲ្យសោកស្តាយ សហរដ្ឋអាមេរិកបានរារាំងលទ្ធផលលើបញ្ហានេះតាមរយៈសម្ពាធទាំងបើកចំហរ និងលាក់បាំងលើប្រទេសអូម៉ង់»។

សេចក្តីថ្លែងការណ៍បានបដិសេធការអះអាងរបស់លោក Trump អំពីលទ្ធផលនៃការចរចាថាជា «ការកុហកសុទ្ធសាធដែលកើតចេញពីភាពអស់សង្ឃឹម»។
លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា អ៊ីរ៉ង់បានយល់ស្របចំពោះកិច្ចព្រមព្រៀងមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា «ពួកគេបានបោះបង់ចោលអ្វីៗទាំងអស់» ប៉ុន្តែ «ភ្លាមៗនោះពីរម៉ោងក្រោយមក ពួកគេបានវាយប្រហារនាវាមួយគ្រឿងដោយយានដ្រូន»។
ប្រភពបានប្រាប់សារព័ត៌មាន Al Jazeera ថា ក្នុងអំឡុងពេលជំនួបរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ជាមួយសមភាគីអូម៉ង់ លោក Badr Albusaidi កាលពីថ្ងៃសៅរ៍ ទីក្រុង Muscat បានស្នើផ្លូវពីរដែលគ្រប់គ្រងដោយឡែកពីគ្នានៅច្រកសមុទ្រហ័រមូស មួយឆ្លងកាត់ដែនទឹកអ៊ីរ៉ង់ និងមួយទៀតឆ្លងកាត់ដែនទឹកប្រទេសអូម៉ង់។