គ្រិកឃីត៖ បន្ទាប់ពីបណ្ដាប្រទេសអាស៊ានជាច្រើន បានស្នើឲ្យកម្ពុជាដាក់បញ្ចូលកីឡាគ្រិតឃីតក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ សហព័ន្ធកីឡាគ្រិកឃីតកម្ពុជាបានចាប់ផ្ដើមពង្រឹងការអភិវឌ្ឍ និងកៀរគរធនធានកីឡាករទាំងក្នុងស្រុក និងក្រៅស្រុកសម្រាប់ត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងប្រធានសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា ក្នុងការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមកីឡាគ្រិកឃីតជម្រើសជាតិកម្ពុជា និងក្រុម Royal Strikers មកពីប្រទេសម៉ាឡេស៊ីនៅទីលានបាល់ទាត់ (ក្រៅវិមាន) នៃពហុកីឡដ្ឋានជាតិមរតកតេជោកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ។ ឯកឧត្តមបានគូសបញ្ជាក់ថា ជំនួបមិត្តភាពអន្ដរជាតិនេះធ្វើឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍវិស័យកីឡាគ្រិកឃីតកម្ពុជា បន្ទាប់ពីបណ្ដាប្រទេសអាស៊ានជាច្រើន ស្នើឲ្យកម្ពុជាដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២២៣ ស្របពេលកម្ពុជាបានដាក់ក្នុងបញ្ជីបម្រុងនៅឡើយ។ ហេតុនេះទាមទារឲ្យសហព័ន្ធត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍ ហើយត្រូវកៀរគរធនធានសម្រាប់ត្រៀម ប្រសិនបើមានការសម្រេចណាមួយ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍លើកទី២ នៅរាជធានីភ្នំពេញនាខែក្រោយ។
គួរដឹងថា ក្រោយបញ្ចប់ការប្រកួតមិត្តភាពអន្ដរជាតិនេះ សហព័ន្ធកីឡាគ្រិកឃីតកម្ពុជាក៏ត្រៀមទទួលប្រតិភូជាន់ខ្ពស់ មកពីសហព័ន្ធកីឡាគ្រិកឃីតអាស៊ីអាគ្នេយ៍ និងប្រធានសហព័ន្ធកីឡាគ្រិកឃីតសិង្ហបុរី ដែលនឹងមកទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី០៦ ខែឧសភាខាងមុខ ដើម្បីផ្ដល់នូវការគាំទ្រដល់កីឡាគ្រិកឃីតកម្ពុជា ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ។ ចំពោះលទ្ធផលនៃការប្រកួតមិត្តភាពនេះវិញ គឺក្រុមកីឡាគ្រិកឃីតជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុម Royal Strikers របស់ប្រទេសម៉ាឡេស៊ីដោយពិន្ទុ ១៤៥-១៤៤៕
អត្ថបទ៖ លី ឈុនឡា