ព្រឹត្តិការណ៍ប្រកួតវាយកូនបាល់ Grand Slam, Wimbledon បានបិទបញ្ចប់ដោយជោគជ័យកាលពីចុងសប្តាហ៍ កន្លងទៅ ដោយជើងឯកផ្នែកបុរសបានទៅ Jannik Sinner ខណៈផ្នែកនារីបានទៅកីឡាការិនីឆេក Linda Noskova។

កីឡាករវាយកូនបាល់អ៊ីតាលី Jannik Sinner បានការពារតំណែងជើងឯក Wimbledon របស់ខ្លួនដោយជោគជ័យ បន្ទាប់ពីយកឈ្នះកីឡាករអាល្លឺម៉ង់ Alexander Zverev ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៦-៧ (៧-៩), ៧-៦ (៧-២), ៦-៣ និង ៦-៤ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។

ជ័យជម្នះនេះបានផ្តល់ឱ្យ Sinner នូវពានរង្វាន់ Grand Slam ទី៥ ក្នុងអាជីព និងជាជ័យជម្នះលើកទី១០ ជាប់ៗគ្នារបស់គេនៅពេលជួប Alexander Zverev។
ការឈ្នះជើងឯក Wimbledon ពីរឆ្នាំជាប់គ្នា ក៏បានធ្វើឱ្យ Sinner ក្លាយជាកីឡាករបុរសទី១០ ក្នុងយុគសម័យ Open Era ដែលអាចការពារតំណែងជើងឯក Wimbledon បានដោយជោគជ័យ។ លទ្ធផលនេះក៏ជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់គេ ក្នុងការប្រជែងជាមួយគូប្រជែងដ៏ធំ Carlos Alcaraz ដែលបច្ចុប្បន្នមានពាន Grand Slam ចំនួន ៧។

ចំណែកការប្រកួតផ្នែកនារីកាលពីថ្ងៃសៅរ៍ ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងកីឡាការិនីឆេកទាំងពីរនាក់ បានបញ្ចប់ទៅ ដោយកីឡាការិនីវ័យក្មេង Linda Noskova យកឈ្នះមិត្តភក្តិ Karolina Muchova ដោយលទ្ធផល ៦-២ ៥-៧ និង ៦-៣ ដើម្បីគ្រងជើងឯក Grand Slam លើកដំបូង៕ អត្ថបទ៖នាង សុភាវុធ
