ប្រទេសជាច្រើននៅតំបន់មជ្ឈិមបូព៌ា បានចាប់ផ្តើមប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន និងបន្លឺសំឡេងរោទិ៍វាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យ ខណៈអ៊ីរ៉ង់បានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើគោលដៅរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ ការវាយប្រហារទាំងនេះ គឺជាវិធានការតបតវិញក្នុងការឆ្លើយតបទៅនឹងការវាយប្រហារជុំទីបីប្រឆាំងអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍។

ស៊ីរ៉ែនព្រមានអំពីមីស៊ីល បានរោទិ៍ប្រកាសអាសន្ននៅក្នុងប្រទេសបារ៉ែន ខណៈប្រទេសអារ៉ាប់រួម (UAE) និងប្រទេសកាតាក៏ត្រូវបានវាយប្រហារផងដែរ។ ក្រសួងការពារជាតិអារ៉ាប់រួម បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកំពុងប្រឈមនឹងការគំរាមកំហែងដោយមីស៊ីល និងយានដ្រូន ខណៈក្រសួងមហាផ្ទៃបារ៉ែន បានជំរុញឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ និងបន្តទៅកាន់ទីតាំងសុវត្ថិភាពដែលនៅជិតបំផុត។
ក្រសួងមហាផ្ទៃប្រទេសកាតា បានចេញការព្រមានជាសាធារណៈដោយបង្កើនកម្រិតគំរាមកំហែងសន្តិសុខរបស់ប្រទេស។ ក្រសួងបាននិយាយថា មនុស្សបីនាក់បានរងរបួសរួមទាំងកុមារម្នាក់ដោយសារបំណែកគ្រាប់បានធ្លាក់។
ប្រទេសហ្ស៊កដានី ក៏បានដាក់ឱ្យដំណើរការប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន។ អគ្គបញ្ជាការដ្ឋាននៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស បាននិយាយកាលពីថ្ងៃអាទិត្យថា មីស៊ីលបីគ្រាប់ចេញពីទិសដៅរបស់អ៊ីរ៉ង់បានធ្លាក់នៅទីតាំងជាច្រើនកន្លែងក្នុងប្រទេសហ្ស៊កដានី។
