អ្នកនាំពាក្យបាននិយាយកាលពីថ្ងៃអាទិត្យថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីកធំជម្លោះយ៉ាងធ្ងន់ធ្ងរ និងការប្រឈមមុខដាក់គ្នាខាងយោធាជាថ្មីទៀតនៅតំបន់ឈូងសមុទ្រ រួមទាំងការវាយប្រហាររបស់អ៊ីរ៉ង់លើនាវានៅច្រកសមុទ្រ Hormuz ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការវាយប្រហាររបស់អ៊ីរ៉ង់លើគោលដៅនៅក្នុងប្រទេសជិតខាង។

អ្នកនាំពាក្យ លោក Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រមុខអង្គការសហប្រជាជាតិ «អំពាវនាវឱ្យគ្រប់ភាគីទាំងអស់មានភាពអត់ធ្មត់ខ្ពស់ ជៀសវាងសកម្មភាពកើនឡើងបន្ថែមទៀត និងចាត់វិធានការជាបន្ទាន់ដើម្បីបន្ថយភាពតានតឹង»។ សេចក្តីថ្លែងការណ៍ បាននិយាយថា «ការវាយប្រហារទាំងនេះត្រូវតែបញ្ឈប់ទាំងអស់»។

សេចក្តីថ្លែងការណ៍និយាយថា លោកអគ្គលេខាធិការបានបញ្ជាក់ជាថ្មីថា ការវិលត្រឡប់ទៅរកអរិភាពទ្រង់ទ្រាយធំនឹងមានផលវិបាកដ៏មហន្តរាយសម្រាប់ប្រជាជននៅក្នុងតំបន់ សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ និងសម្រាប់សេដ្ឋកិច្ចពិភពលោក។ លោកក៏បានបញ្ជាក់ជាថ្មីអំពីតម្រូវការសម្រាប់ការស្តារឡើងវិញនូវសេរីភាពនៃការធ្វើនាវាចរណ៍ឲ្យបានពេញលេញនៅច្រកសមុទ្រ Hormuz។
លោកអគ្គលេខាធិការ បានជំរុញឱ្យអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បន្តការចរចាជាបន្ទាន់ និងដោះស្រាយបញ្ហាដែលនៅសេសសល់តាមរយៈផ្នែកការទូត។