សហព័ន្ធបាល់ទាត់សេណេហ្គាល់ បានប្រកាសបញ្ចប់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិលោក Pape Bouna Thiaw ដា បន្ទាប់ពីលទ្ធផលមិនល្អនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
សេណេហ្គាល់ ត្រូវបានគេរំពឹងថា នឹងក្លាយជាបេក្ខភាពប្រជែងពាន បន្ទាប់ពីបានយកឈ្នះម៉ារ៉ុក ក្នុងវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations កាលពីខែមករា។ ប៉ុន្តែនៅ World Cup ក្រុមនេះបានបង្ហាញទម្រង់លេងមិនសូវល្អ ដោយចាញ់បារាំង និងន័រវេស ក្នុងពីរប្រកួតដំបូងនៃវគ្គចែកពូល។
នៅវគ្គ៣២ក្រុមចុងក្រោយ សេណេហ្គាល់បាននាំមុខប៊ែលហ្ស៊ិក ២-០ រហូតដល់៥នាទីចុងក្រោយ ប៉ុន្តែត្រូវគូប្រកួតតាមស្មើ មុនពេលចាញ់ ៣-២ នៅម៉ោងបន្ថែម ដែលបញ្ចប់ក្តីសង្ឃឹមរបស់ពួកគេក្នុងការបន្តដំណើរទៅមុខ។
ក្រៅពីលទ្ធផលមិនល្អ លោក Thiaw វ័យ៤៥ឆ្នាំ ក៏ត្រូវប្រឈមនឹងការពិន័យហាមឃាត់ដឹកនាំក្រុមចំនួន៥ប្រកួតផងដែរ។ ការពិន័យនេះនឹងចាប់ផ្តើមអនុវត្តនៅខែកញ្ញា ក្នុងវគ្គជម្រុះ Africa Cup of Nations ឆ្នាំ២០២៧ បន្ទាប់ពីលោកបានដឹកនាំកីឡាករសេណេហ្គាល់ដើរចេញពីទីលាន ដើម្បីតវ៉ាចំពោះការផ្តល់បាល់ពិន័យ ១១ ម៉ែត្រឱ្យម៉ារ៉ុក ក្នុងវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅទីក្រុង Rabat។
សារព័ត៌មានកីឡាបារាំង L’Equipe បានរាយការណ៍ថា លោក Patrick Vieira អតីតខ្សែបម្រើជម្រើសជាតិបារាំង និងជាជ័យលាភី World Cup ដែលកើតនៅទីក្រុង Dakar ប្រទេសសេណេហ្គាល់ ស្ថិតក្នុងចំណោមបេក្ខភាពនាំមុខគេ សម្រាប់ចូលកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិសេណេហ្គាល់។
ជាមួយគ្នានេះ សហព័ន្ធបាល់ទាត់សេណេហ្គាល់ បានប្រកាសថា នឹងរៀបចំសន្និសីទសារព័ត៌មានថ្ងៃនេះ ដើម្បីបញ្ជាក់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងការផ្លាស់ប្តូរគ្រូបង្វឹក និងទិសដៅរបស់ក្រុមជម្រើសជាតិបន្តទៅមុខ៕អត្ថបទ៖នាង សុភាវុធ


