ទីប្រឹក្សាមួយរូបរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានបញ្ជាក់កាលពីថ្ងៃអាទិត្យ (ទី១២ ខែកក្កដា ឆ្នាំ២០២៦) ថា ច្រកសមុទ្រ Hormuz មានសារៈសំខាន់ជាង «គ្រាប់បែកបរមាណូរាប់សិបគ្រាប់» ដោយសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងការពារផ្លូវទឹកដ៏សំខាន់នេះ។
លោក Mohsen Rezaei ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន ISNA ដែលបាននិយាយថា៖ «ច្រកយុទ្ធសាស្ត្រនេះ មានសារៈសំខាន់ជាងគ្រាប់បែកបរមាណូរាប់សិបគ្រាប់ ហើយសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ នឹងការពារវា»។

ប្រទេសលោកខាងលិចចោទប្រកាន់អ៊ីរ៉ង់ថា កំពុងស្វែងរកការផលិតគ្រាប់បែកបរមាណូ ប៉ុន្តែទីក្រុងតេអេរ៉ង់បានទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងសន្តិភាព និងស៊ីវិល។
កាលពីថ្ងៃអាទិត្យ ទីក្រុងតេអេរ៉ង់បានប្រកាសថា ខ្លួនកំពុងបិទច្រកសមុទ្រ Hormuz ហើយបានបាញ់មីស៊ីល និងយានដ្រូនទៅកាន់ប្រទេសជិតខាងឈូងសមុទ្រ ដើម្បីសងសឹកចំពោះការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោនបានឱ្យដឹងថា ប្រតិបត្តិការថ្មីបានកើតឡើងដោយសារកងកម្លាំងអ៊ីរ៉ង់បានវាយប្រហារនាវាដឹកទំនិញមួយគ្រឿង ដែលត្រូវបានក្រុមនាវិកទុកចោលដោយមានអណ្តាតភ្លើងឆាបឆេះ។
ការកើនឡើងនូវភាពតានតឹងថ្មីនេះ បានគំរាមកំហែងដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នដែលមានគោលបំណងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ជាមួយនឹងការវាយប្រហារដ៏ធំ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាប្រតិបត្តិការដែលបានសម្លាប់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei រួមជាមួយឥស្សរជនដទៃទៀតរបស់ប្រទេសនេះ។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានប្រកាសនៅថ្ងៃអាទិត្យថា ច្រកសមុទ្រ Hormuz បើកចំហ សម្រាប់នាវាទាំងអស់ ហើយកងកម្លាំងយោធាអាមេរិក «បានឈរជើង និងត្រៀមខ្លួនរួចរាល់» ដើម្បីធានាដល់ការធ្វើនាវាចរណ៍ដោយសេរី៕

