សម្ព័ន្ធមិត្តលោកខាងលិច នឹងប្រឹងប្រែងធានាការប្តេជ្ញាចិត្តផ្ដល់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត សម្រាប់អ៊ុយក្រែន នៅពេលដែលថ្នាក់ដឹកនាំ ជួបជុំគ្នានៅទីក្រុងប៉ារីស នាថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ខណៈដែលកង្វះខាតបានធ្វើឱ្យប្រទេសនេះងាយរងគ្រោះកាន់តែខ្លាំងឡើង ដោយសារមីស៊ីលបាលីស្ទិករបស់រុស្ស៊ី ទោះបីជាមានការផ្លាស់ប្តូរសន្ទុះថ្មីៗនៅសមរភូមិក៏ដោយ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងចូលរួមជាមួយមេដឹកនាំយ៉ាងហោចណាស់ ២៥រូប សម្រាប់កិច្ចប្រជុំសម្ព័ន្ធឆន្ទៈរួម ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយ ដែលរួមមានការដាក់បញ្ចូលគ្នានូវជំហររួមមួយ ដែលអាចបង្ហាញទៅរុស្ស៊ី និងការធានាសន្តិសុខ ដើម្បីគាំទ្រកិច្ចព្រមព្រៀងសន្តិភាពណាមួយ។
កិច្ចប្រជុំ នៅថ្ងៃទី១៣ ខែកក្កដានេះ បានកើតឡើងក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលអង្គការណាតូ (NATO) ដែលមានគោលបំណងបង្ហាញពីឯកភាពឆ្លងមហាសមុទ្រអាត្លង់ទិក និងការគាំទ្ររយៈពេលវែងសម្រាប់អ៊ុយក្រែន។

មន្ត្រី បានលើកឡើងថា កាលពីថ្ងៃទី១១ ខែកក្កដា រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូន លើអ៊ុយក្រែន ដោយបានបណ្ដាលឱ្យមនុស្ស ៨នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ខណៈដែលលោក Zelenskyy បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់អាវុធដល់ទីក្រុងគីវឱ្យកាន់តែលឿន។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Ouest-France កាលពីថ្ងៃទី១២ ខែកក្កដា រដ្ឋមន្ត្រីការបរទេស លោក Jean-Noel Barrot បាននិយាយថា៖ «មីស៊ីលបាលីស្ទិកដែលបាញ់ដោយ (ប្រធានាធិបតីរុស្ស៊ី) លោក Vladimir Putin កំពុងកំណត់គោលដៅតំបន់ស៊ីវិលដោយចេតនា ហើយមិថុនា គឺជាខែមួយក្នុងចំណោមខែមានអ្នកស្លាប់ច្រើនបំផុត ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម»។
ប្រទេសរុស្ស៊ីប្រាប់ថា ខ្លួនវាយប្រហារតែគោលដៅពាក់ព័ន្ធនឹងយោធាប៉ុណ្ណោះ ហើយបដិសេធថា ខ្លួនមិនបានកំណត់គោលដៅជនស៊ីវិលឡើយ៕


