ការស្លាប់ភ្លាមៗរបស់សមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham មកពីរដ្ឋ South Carolina បានបង្កើតឱ្យមានការលើកឡើងយ៉ាងចម្រូងចម្រាសពីអ្នកស្នងតំណែង នៅក្នុងរដ្ឋដែលមាននិន្នាការអភិរក្សនិយមខ្លាំង ដោយបង្កជាហានិភ័យធ្វើឱ្យមានភាពវឹកវរក្នុងការប្រកួតប្រជែង ដែលមានរយៈពេលមិនដល់ ៤ខែផង មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។

ការិយាល័យរបស់លោកបានឱ្យដឹងថា លោក Graham បានទទួលមរណភាពនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមាន «ជំងឺភ្លាមៗ និងរយៈពេលខ្លី» ពោលគឺក្រោយ ២ថ្ងៃបន្ទាប់ពីបញ្ចប់ពិធីខួបកំណើតគម្រប់វ័យ ៧១ឆ្នាំរបស់លោក។ លោកត្រូវបានកំណត់ឱ្យឡើងតទល់ប្រកួតប្រជែងនឹងលោកស្រី Annie Andrews មកពីគណបក្សប្រជាធិបតេយ្យ ដែលជាគ្រូពេទ្យកុមារ នៅក្នុងខែវិច្ឆិកា។
អភិបាលរដ្ឋ South Carolina លោក Henry McMaster អាចដាក់ឈ្មោះអ្នកជំនួស សម្រាប់អាណត្តិដែលនៅសល់របស់លោក Graham។ បន្ទាប់មក ច្បាប់បោះឆ្នោតរបស់រដ្ឋ អំពាវនាវឱ្យមានការបោះឆ្នោតបឋមពិសេសមួយ ដោយបង្កើតការប្រកួតប្រជែងផ្ទៃក្នុងរបស់គណបក្សដែលអាចជួយផ្តល់ឱ្យលោកស្រី Andrews នូវការមានប្រៀប។
លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃទី១២ ខែកក្កដាថា លោកមានបេក្ខជននៅក្នុងចិត្ត ដើម្បីឱ្យកាន់តំណែងនេះ ប៉ុន្តែនឹងមិនបង្ហាញឈ្មោះពួកគេជាសាធារណៈទេ ព្រោះវាគឺជារឿង «ឆាប់ពេក» ក្រោយការស្លាប់របស់លោក Graham។
ការស្លាប់របស់លោក Graham រួមផ្សំជាមួយនឹងការសម្រាកព្យាបាលនៅមន្ទីរពេទ្យយូររបស់លោក Mitch McConnell សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ ប្រចាំរដ្ឋ Kentucky បានធ្វើឱ្យសំឡេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋរួមតូច យ៉ាងហោចណាស់ ក៏ក្នុងរយៈពេលខ្លីដែរ៕
