ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) កាលពីថ្ងៃអាទិត្យ (ទី១២ ខែកក្កដា ឆ្នាំ២០២៦) បានព្រមានថា ការវាយប្រហារដោយយានដ្រូនជាបន្តបន្ទាប់ កំពុងធ្វើឱ្យវិបត្តិមនុស្សធម៌រឹតតែធ្ងន់ធ្ងរ នៅក្នុងតំបន់ Kordofan របស់ប្រទេសស៊ូដង់ ជាកន្លែងដែលការផ្ទុះឡើងនៃជំងឺអាសន្នរោគមានសភាពកាន់តែអាក្រក់ទៅៗ និងការខ្វះខាតទឹកធ្ងន់ធ្ងរ កំពុងធ្វើឱ្យជនស៊ីវិលរងទុក្ខវេទនាកាន់តែខ្លាំងឡើង។
យោងតាម OCHA បានឱ្យដឹងថា ប្រភពក្នុងស្រុក បានរាយការណ៍ថា ការវាយប្រហារដោយយានដ្រូន បានកំណត់គោលដៅលើយានយន្តស៊ីវិល ១គ្រឿង នៅជិតភូមិ Al-Shaatut ភាគខាងកើតទីក្រុង Jabrat Al-Sheikh ក្នុងតំបន់ North Kordofan កាលពីថ្ងៃចន្ទសប្តាហ៍មុន ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរបួស និងបង្កជាការខូចខាត។ នៅថ្ងៃបន្ទាប់ យានដ្រូនមួយគ្រឿងផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានវាយប្រហាររថយន្តដឹកទឹក ១គ្រឿង នៅទីក្រុង Hamrat Al-Sheikh ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរបួស និងរំខានបន្ថែមទៀតដល់លទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកសំខាន់ៗ។
ជាមួយគ្នានេះ OCHA បានឱ្យដឹងទៀតថា ជំងឺអាសន្នរោគនៅតែបន្តរាលដាលពាសពេញតំបន់ Kordofan ដោយដៃគូមនុស្សធម៌ បានរាយការណ៍ពីករណីសង្ស័យ នៅទីក្រុង El Obeid ជាកន្លែងដែលការវាយប្រហារដោយយានដ្រូនជាបន្តបន្ទាប់ បានកាត់បន្ថយការផ្គត់ផ្គង់ទឹករបស់ទីក្រុងមកត្រឹម ២០ភាគរយនៃតម្រូវការ។
ជាងមួយខែមកនេះ ទីក្រុង El Obeid បានស្ថិតនៅក្រោមការវាយប្រហារដោយយានដ្រូនពីកងកម្លាំងគាំទ្ររហ័ស (RSF) ដោយកំណត់គោលដៅរោងចក្រថាមពលសំខាន់របស់ទីក្រុង កន្លែងផលិតប្រេងឥន្ធនៈ និងទីតាំងស៊ីវិលផ្សេងទៀត ដោយបានបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសរាប់សិបនាក់៕

