ប្រណាំងកង់៖ កីឡាករ-កីឡាការិនី ៣៥០នាក់មកពីខេត្តនានាបានជួបជុំគ្នាចូលរួមប្រកួតកីឡាប្រណាំងកង់ភ្នំ Wurkz រដូវកាល ២០២២ ជុំខេត្តកំពត ជាមួយនឹងការប្រើបច្ចេកវិទ្យាទំនើបកំណត់ពិន្ទុដោយកុំព្យូទ័រ ដើម្បីសុក្រិត្យភាពនៃលទ្ធផល។
លោក Pierre Yves Catry អ្នករៀបចំព្រឹត្តិការណ៍ប្រកួតកង់ភ្នំបានប្រាប់ឱ្យដឹងថា ការប្រកួតនេះមានអ្នកចូលរួមតិចជាងកន្លងមក ប៉ុន្តែយ៉ាងណាលោកភ្ញាក់ផ្អើលដោយសារតែមានកីឡាករវ័យក្មេងចូលរួមច្រើន។ លោកក៏បានបញ្ជាក់ហេតុផលមួយចំនួនដែលសម្រេចយកទីតាំងខេត្តកំពត (សង្កាត់អណ្តូងខ្មែរ ក្រុងកំពត) ធ្វើជាកន្លែងប្រកួតនេះដោយសារតែស្រដៀងគ្នានឹងទីលានប្រកួតស៊ីហ្គេមនៅវៀតណាម ងាយស្រួលសម្រាប់កីឡាករធ្វើបានល្អក្នុងការប្រកួត។ ការប្រកួតសេរីប្រណាំងកង់ភ្នំដែលឧបត្ថម្ភដោយភេសជ្ជៈ Wurkz ឆ្នាំ២០២២ ធ្វើឡើង ៥ជុំផ្សេងគ្នាចាប់ពីដើមខែឧសភារហូតដល់ខែធ្នូ ដែលរៀបចំដោយក្លិបកង់ហោះក្រោមការគាំទ្រពីសហព័ន្ធខ្មែរកីឡាទោចក្រយាន។ ប្រកួតបន្ទាប់នឹងត្រូវធ្វើឡើងនៅខេត្តកំពត កំពង់ស្ពឺ សៀមរាប រាជធានីភ្នំពេញ និងឧទ្យានជាតិគិរីរម្យ។ ដោយបែកចែកជា ១៤វិញ្ញាសាផ្សេងគ្នា៕
អត្ថបទ៖ គង់ ហួន