ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនទំនិញយោធារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដោយបានបណ្តាលឲ្យខូចខាតនៅកំពង់ផែ Chornomorsk របស់អ៊ុយក្រែនជិតទីក្រុង Odesa។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងបាននិយាយថា គោលដៅរួមមានហេដ្ឋារចនាសម្ព័ន្ធកំពង់ផែដែលប្រើសម្រាប់ដឹកជញ្ជូនទំនិញយោធា ស៊ីទែនស្តុកប្រេងឥន្ធនៈ និងឃ្លាំងគ្រាប់រំសេវ។
ក្រសួងក៏បានបញ្ជាក់ផងដែរថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារសាឡាងពីរគ្រឿង និងនាវាដឹកកុងតឺន័រមួយគ្រឿង។
ក្រុមហ៊ុនកសិកម្មអ៊ុយក្រែន Kernel Holding បាននិយាយនៅថ្ងៃចន្ទថា ខ្លួនបានផ្អាកប្រតិបត្តិការរបស់ខ្លួននៅកំពង់ផែ Chornomorsk បន្ទាប់ពីទ្រព្យសកម្មរបស់ខ្លួននៅទីនោះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី នៅយប់ថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកក្កដា។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីអាជ្ញាធរអ៊ុយក្រែនទេ៕

