យន្តហោះពន្លត់អគ្គិភ័យ នៅថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ បានប្រយុទ្ធជាលើកទី២ ដើម្បីទប់ស្កាត់ចំហេះព្រៃដែលអាចត្រូវបានបង្កឡើងដោយចេតនា នៅក្នុងព្រៃ នៅភាគខាងត្បូងនៃទីក្រុងប៉ារីស ដោយការឆាបឆេះនេះបានបង្ខំឱ្យមានការជម្លៀសអ្នកស្រុក ខណៈដែលតំបន់នេះកំពុងជួបប្រទះនឹងរលកកម្ដៅចុងក្រោយបង្អស់។
អណ្ដាតភ្លើងបានឆាបឆេះឡើងកាលពីថ្ងៃទី១២ ខែកក្កដា ក្នុងព្រៃលាតសន្ធឹងវែងអន្លាយ Fontainebleau ចម្ងាយប្រហែល ៦០គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃរដ្ឋធានី ជាតំបន់អភិរក្សបរបាញ់របស់រាជវង្ស ដែលសព្វថ្ងៃនេះមានទៅដោយភូមិស្ថប់ស្ងាត់ជាច្រើន។ ចំហេះនេះបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយរំខានដល់ចរាចរណ៍ផ្លូវដែក និងតាមផ្លូវថ្នល់។
នៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ ការឆាបឆេះព្រៃដ៏កម្រមាន នៅភាគខាងជើងនៃប្រទេសនេះ បានរាលដាលពាសពេញផ្ទៃដី ៨០០ហិកតា ជាតំបន់ធំជាង Gibraltar ដែលដែនដីរបស់ចក្រអង់គ្លេស នៅឯនាយសមុទ្រ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បាននិយាយថា អាជ្ញាធរកំពុងស្វែងយល់ពីលទ្ធភាពដែលចំហេះព្រៃនេះ ត្រូវបានបង្កឡើងដោយចេតនា។ លោកបានបញ្ជាក់ថា «មានចំណុចធ្វើឱ្យភ្លើងឆាបឆេះ ប្រហែល ១០កន្លែង ក្នុងរង្វង់ចម្ងាយ ១.០០០ម៉ែត្រ ដែលបង្ហាញថា វាអាចត្រូវបានបង្កឡើងដោយចេតនា»។
អាជ្ញាធរបានប្រញាប់ប្រញាល់បញ្ចូនយន្តហោះពន្លត់អគ្គិភ័យ ដើម្បីជួយពន្លត់អណ្តាតភ្លើង ជាលើកដំបូងដែលយន្តហោះបែបនេះ ត្រូវបានប្រើប្រាស់នៅតំបន់ប៉ារីស។
យន្តហោះ Canadair ចំនួន ២គ្រឿង បានចូលរួមក្នុងប្រតិបត្តិការនៅថ្ងៃទី១៣ ខែកក្កដានេះ ដោយយកទឹកពីទន្លេ Seine ដើម្បីពន្លត់អណ្តាតភ្លើង៕