នៅថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ សហភាពអឺរ៉ុប (EU) បានដាក់ទណ្ឌកម្មលើបុគ្គល ៩នាក់ និងអង្គភាពចំនួន ៤ ដែលខ្លួនបានចោទប្រកាន់ថា បានរួមចំណែកដល់សកម្មភាពតាមប្រប័ន្ធអ៊ីនធឺណិតដែលមានទំនាក់ទំនងជាមួយរុស្ស៊ី ដោយកំណត់គោលដៅលើប្លុក រដ្ឋជាសមាជិករបស់ប្លុក និងដៃគូអន្តរជាតិ។
ក្រុមប្រឹក្សាអឺរ៉ុប បានឱ្យដឹងថា ទណ្ឌកម្មទាំងនេះផ្តោតលើមន្ត្រីចារកម្មយោធារុស្ស៊ី (GRU) ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត ក្រុមចោរព័ត៌មានវិទ្យាស្វ័យប្រកាស និងក្រុមហ៊ុនឯកជន ដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងប្រតិបត្តិការតាមអ៊ីនធឺណិត ដែលមានគោលបំណងធ្វើឱ្យ EU អស្ថិរភាព។
ប្លុកនេះបានបញ្ជាក់ថា វិធានការទាំងនេះត្រូវបានដាក់ចេញ ជាការឆ្លើយតបទៅនឹងសកម្មភាពតាមប្រព័ន្ធអ៊ីនធឺណិតជាច្រើនត្រូវបានអនុវត្តតាមរយៈអ្វីដែលខ្លួនបានពិពណ៌នាថា ជាប្រព័ន្ធអេកូឡូស៊ីតាមអ៊ីនធឺណិតជាប់ជាមួយរុស្ស៊ី ដែលពាក់ព័ន្ធនឹងតួអង្គរដ្ឋ និងមិនមែនរដ្ឋ។
យោងតាមសហភាពអឺរ៉ុប បានឱ្យដឹងទៀតថា បុគ្គល និងអង្គភាពដែលរងទណ្ឌកម្ម បានរួមចំណែកដល់ប្រតិបត្តិការតាមអ៊ីនធឺណិតដែលប៉ះពាល់ដល់សេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបណ្តាញរដ្ឋាភិបាល ដែលបណ្តាលឱ្យមានការរំខាន និងការខាតបង់ផ្នែកហិរញ្ញវត្ថុ។
ប្លុកនេះក៏បានចោទប្រកាន់សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ថា គ្រប់គ្រងក្រុមគំរាមកំហែងតាមអ៊ីនធឺណិតជាច្រើន រួមទាំង TURLA ផងដែរ ហើយអនុវត្តចារកម្មតាមអ៊ីនធឺណិត និងប្រតិបត្តិការរំខានប្រឆាំងនឹងគោលដៅអឺរ៉ុប។ EU បានឱ្យដឹងថា សមាជិក រួមមានប្រទេសបារាំង អាល្លឺម៉ង់ ប៉ូឡូញ ស៊ីប ហូឡង់ អូទ្រីស ស្លូវ៉ាគី រ៉ូម៉ានី និងហ្វាំងឡង់ បានរងផលប៉ះពាល់ដោយសកម្មភាពតាមអ៊ីនធឺណិតដែលមានទំនាក់ទំនងជាមួយរុស្ស៊ី៕