ទូរទស្សន៍រដ្ឋបានរាយការណ៍ថា នៅថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រទេសអ៊ីរ៉ង់បានបាញ់ «ព្រមាន» ទៅកាន់នាវា ២គ្រឿងដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដែលទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោនកំពុងប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងផ្លូវទឹកយុទ្ធសាស្ត្រនេះ។
អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់របស់ទូរទស្សន៍ជាតិ ដែលមានមូលដ្ឋាននៅជិតច្រកសមុទ្រនេះ បានឱ្យដឹងថា «ព្រឹកនេះ នាវា ២គ្រឿងដែលកំពុងព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយខុសច្បាប់ ត្រូវបានកំណត់គោលដៅ និងបញ្ឈប់ដោយការបាញ់ព្រមានដែលបាញ់ដោយកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ិស្លាម»។
អ៊ីរ៉ង់បានប្រាប់ថា ច្រកសមុទ្រ Hormuz ត្រូវបានបិទកាលពីថ្ងៃអាទិត្យ ខណៈដែលសហរដ្ឋអាមេរិកទទូចថា វានៅតែបើកដដែល បន្ទាប់ពីការប្រឈមមុខដាក់គ្នា លើផ្លូវទឹកដ៏សំខាន់នេះ បានបង្កឱ្យមានការវាយប្រហារគ្នាម្តងទៀត រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
ច្រកសមុទ្រនេះ ដែលមានសារៈសំខាន់ ចំពោះការផ្គត់ផ្គង់ប្រេង និងឧស្ម័នសកល បានក្លាយជាចំណុចដ៏សំខាន់នៃការប្រទាញប្រទង់គ្នា រវាងសត្រូវទាំង២ ដែលនាំឱ្យមានការវាយប្រហារម្តងហើយម្តងទៀត ទោះបីជាមានកិច្ចព្រមព្រៀងមួយដែលមានគោលបំណងបញ្ចប់សង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ដែលត្រូវបានចុះហត្ថលេខាកាលពីខែមុនក៏ដោយ៕