ក្រុមចលនាហ៊ួធីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ និងដែលគ្រប់គ្រងភាគខាងជើងនៃប្រទេសយេម៉ែន នៅថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) នេះ បានចោទប្រកាន់អារ៉ាប៊ីសាអ៊ូឌីតថា បានបើកការវាយប្រហារតាមអាកាសលើអាកាសយានដ្ឋានអន្តរជាតិ នៅទីក្រុង Sanaa ហើយបានប្ដេជ្ញាថា នឹងសងសឹកវិញ។
អ្នកនាំពាក្យយោធារបស់ក្រុមឧទ្ទាមហ៊ួធី លោក Yahya Saree បានចាត់ការវាយប្រហារទាំងនេះថា ជា «ការឈ្លានពានដោយបើកចំហ» ហើយបានបញ្ជាក់ថា ពួកគេបានបញ្ចប់រយៈពេលនៃការបន្ធូរបន្ថយភាពតានតឹង នៅក្នុងជម្លោះដ៏យូរអង្វែងនេះហើយ។ លោកបាននិយាយថា អារ៉ាប៊ីសាអ៊ូឌីត នឹងទទួលផលវិបាក ហើយការវាយប្រហារនេះនឹងមិនត្រូវកើតឡើង ដោយមិនមានការឆ្លើយតបនោះឡើយ»។
ការិយាល័យទំនាក់ទំនងរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះការចោទប្រកាន់នេះ។
នៅព្រឹកថ្ងៃចន្ទ ក្រសួងការពារជាតិរបស់រដ្ឋាភិបាលយេម៉ែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានកំណត់គោលដៅផ្លូវរត់ នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុង Sanaa ដើម្បីរារាំងកុំឱ្យយន្តហោះអ៊ីរ៉ង់ចុះចត។ តែអ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធរបស់យេម៉ែន បានប្រាប់ថា យន្តហោះបានចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានទីក្រុង Hodeidah ជាកន្លែងគ្រប់គ្រងដោយក្រុមហ៊ួធី។
រដ្ឋាភិបាល ដែលប្រតិបត្តិការពីទីក្រុងកំពង់ផែ Aden ភាគខាងត្បូង មានការគាំទ្រពីអារ៉ាប៊ីសាអ៊ូឌីត និងរដ្ឋឈូងសមុទ្រដទៃទៀត។ ប្រទេសយេម៉ែនបានប្រឈមនឹងសង្គ្រាមស៊ីវិល និងសង្គ្រាមតំណាងពីមហាអំណាចខាងក្រៅអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ចាប់តាំងពីក្រុមហ៊ួធីបានដណ្តើមកាន់កាប់រដ្ឋធានី និងបង្ខំឱ្យរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិផ្លាស់ទៅភាគខាងត្បូង៕