ភ្នំពេញ ៖ សួនដើមឈើមួយកន្លែងស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញទទួលបានពីជនជាតិជប៉ុន គ្រោងនឹងកែលម្អឡើងវិញ សម្រាប់ឱ្យប្រជាពលរដ្ឋបានដើរលេងកម្សាន្ត និងហាត់ប្រាណ ដើម្បីសុខភាព។
ដើម្បីឱ្យគម្រោងនេះលេញចេញជារូបរាងឆាប់ៗ នារសៀលថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ សង្កាត់ចុះពិនិត្យផ្ទាល់ និងបានណែនាំឱ្យកែលម្អ ទាំងការដាំដើមឈើបន្ថែម និងកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ទីតាំងនេះត្រូវរៀបចំឱ្យបានស្អាត ដោយដើមឈើខ្លះ ត្រូវជ្រើសរើសដាំបន្ថែម ព្រមទាំងកែលម្អបន្ទប់ទឹកឡើងវិញ។ ចំពោះប្រឡាយទឹកដែលមានស្រាប់ត្រូវលែងត្រីគល់រាំង ត្រីរាជ និងត្រីមួយចំនួនទៀត។ បន្ថែមពីនេះ ផ្លូវចូលដែលអមដោយដើមឈើធំៗស្រាប់ ត្រូវចាក់ជាផ្លូវបេតុងទទឹង ៨ម៉ែត្រ។ គម្រោងនេះអាចនឹងរួចរាល់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ហើយក្រោយកែលម្អឡើងវិញរួចរាល់ រដ្ឋបាលរាជធានីភ្នំពេញនឹង សម្ពោធដាក់ជូនប្រជាពលរដ្ឋបានចូលទៅដើរលេងកម្សាន្ត និងហាត់ប្រាណដើម្បីសុខភាព។
ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ថា ទីតាំងនេះមានផ្ទៃដីជាង៣ហិកតា ដែលត្រូវរៀបចំឱ្យមានធុងសំរាម និងមានបង់អង្គុយលេងផងដែរ។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញទទួលបានសួនដើមឈើនេះពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ជូនដោយលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) និងរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ជាស្វាមីរបស់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) គាត់ស្រឡាញ់ប្រទេសកម្ពុជា ហើយក៏ស្រឡាញធម្មជាតិដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







