ប្រធានាធិបតីអាមេរិក លោក Donald Trump បានជូនដំណឹងជាផ្លូវការទៅកាន់សភាសហរដ្ឋអាមេរិកថា អរិភាពប្រឆាំងនឹងអ៊ីរ៉ង់បានបន្តឡើងវិញកាលពីថ្ងៃទី ៧ ខែកក្កដា ជាលិខិតមួយដែលរដ្ឋបាលរបស់លោកមើលឃើញថាជាការបើកឱកាសថ្មីរយៈពេល៦០ ថ្ងៃដើម្បីប្រើប្រាស់យោធានៅក្នុងតំបន់ដោយមិនចាំបាច់មានការយល់ព្រមពីសភា។

លោក Trump បាននិយាយនៅក្នុងលិខិតចុះថ្ងៃទី១០ ខែកក្កដា និងបានទទួលដោយសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ១៣កក្កដាសប្ដាហ៍នេះថា រូបលោកបានដឹកនាំសកម្មភាពយោធានេះស្របតាមការទទួលខុសត្រូវរបស់លោកក្នុងការការពារផលប្រយោជន៍សន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់ពលរដ្ឋអាមេរិក និងសហរដ្ឋអាមេរិកទាំងមូល។

លិខិតនេះគូសបញ្ជាក់ពីសកម្មភាពរបស់លោក Trump រួមទាំងការបញ្ជាឱ្យមានការឈប់បាញ់រយៈពេលពីរសប្តាហ៍នៅថ្ងៃទី ៧ ខែមេសា ដែលត្រូវបានបន្ថែមពេលវេលា និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរបស់លោកដើម្បីសម្រេចបាននូវដំណោះស្រាយការទូតចំពោះជម្លោះនេះ។
សហរដ្ឋអាមេរិកបានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ២០២៦ រួមជាមួយអ៊ីស្រាអែល។
លោក Trump បានពិពណ៌នាអំពីអនុស្សរណៈនៃការយោគយល់គ្នា MoU ដែលលោកបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់នៅថ្ងៃទី ១៧ ខែមិថុនា ហើយបាននិយាយថាអ៊ីរ៉ង់បានរំលោភលើ អនុស្សរណៈនៃការយោគយល់គ្នានេះ ដោយវាយប្រហារនាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជំរុញឱ្យលោកបញ្ជាឱ្យវាយប្រហារឡើងវិញលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ៕

