មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ បណ្តាញអ្នកស្ម័គ្រចិត្តភូមិ សង្កាត់ ខណ្ឌ កំពុងបន្តចុះអប់រំសុខភាពស្តីពី៖ វិធានការបង្ការជំងឺគ្រុនឈាម និងដាក់អាល់ប៊ែត ដើម្បីលុបបំបាត់ជម្រកមូសខ្លា និងបាញ់ថ្នាំសម្លាប់មូសខ្លា នៅតាមសហគមន៍ និងសាលារៀន ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាថ្ងៃនេះថា៖ មន្រី្តសុខាភិបាល គ្រប់មណ្ឌលសុខភាពទាំង៤៦ និងមនី្ទរពេទ្យបង្អែកទាំង៩ ក្នុងរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់ លើការចុះយុទ្ធនាការទាំងនៅក្នុងសហគមន៍ និងសាលារៀន ព្រោះទីតាំងទាំងពីរនេះ ជាកន្លែងដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺគ្រុនឈាម។ ជាពិសេសយុទ្ធនាការអន្តរាគមន៍បន្ទាន់នេះ រួមមានសកម្មភាពសំខាន់ៗ គឺវិធានការឆ្លើយតបផ្ទាល់នៅក្នុងសហគមន៍ ការចុះបាញ់ថ្នាំសម្លាប់មូសខ្លា៖ ក្រុមការងារចុះបាញ់ថ្នាំកំចាត់មូសខ្លានៅតាមលំនៅដ្ឋាន ទីសាធារណៈ និងសាលារៀន ដើម្បីកាត់បន្ថយដង់ស៊ីតេមូសវ័យចំណាស់។ ការដាក់ថ្នាំអាលប៊ែត(Abate)៖ មន្ត្រីជំនាញចុះដាក់ថ្នាំអាលប៊ែតក្នុងពាងទឹក អាងទឹក ឬកន្លែងដក់ទឹកនានា តាមផ្ទះប្រជាពលរដ្ឋ ដើម្បីកម្ចាត់ដង្កូវទឹក និងការអប់រំផ្សព្វផ្សាយផ្ទាល់៖ ណែនាំប្រជាពលរដ្ឋឱ្យយល់ដឹងពីប្រភពបង្កាត់ពូជមូសខ្លា និងវិធីសាស្ត្រការពារខ្លួនពីការខាំរបស់មូសផងដែរ។
ឯកឧត្តមបណ្ឌិត ងី មានហេង បានបញ្ជាក់ឡើងវិញថា ៦ខែ ដើមឆ្នាំ២០២៦នេះ ស្ថានភាពនៃករណីជំងឺគ្រុនឈាមក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានចំនួន២៤២៧នាក់ ក្នុងនោះកុមារី១១៨៧នាក់ កុមារា១២៤០នាក់។ ចំណែកវិធានការណ៍ចំពោះមុខ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មានសម្ភារៈ ឱសថ និងក្រុមគ្រូពេទ្យគ្រប់គ្រាន់ ដើម្បីសង្រ្គោះ និងព្យាបាលប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ បន្តយុទ្ធនាការដាក់ថ្នាំអាបែត (យុទ្ធនាការដាក់ថ្នាំអាបេត គឺជាវិធានការគន្លឹះដំបូងគេបង្អស់ដែលក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋានកំពុងអនុវត្តយ៉ាងសស្រាកសស្រាំនៅពាក់កណ្តាលឆ្នាំ២០២៦នេះ ដើម្បីកម្ចាត់ដង្កូវទឹកមូសខ្លា និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម ដែលកំពុងផ្ទុះឡើងខ្លាំងក្នុងរដូវវស្សា) ក្នុងពាងតាមផ្ទះ និងបាញ់ថ្នាំកំចាត់មូសតាមសហគមន៍ សាលារៀន និងផ្សព្វផ្សាយការអប់រំ សុខភាព និងពន្យល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់អំពី ការការពារ និងការទប់ស្កាត់ជំងឺគ្រុនឈាម«ផ្ទះស្អាត អនាម័យល្អ គ្មានជម្រកមូសខ្លា គ្មានជំងឺគ្រុនឈាម»៕ អត្ថបទ រដ្ឋា







