ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារថ្លែងអំណរគុណដល់ប្រជាជនខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក ដែលបានចេញវីដេអូជាបន្តបន្ទាប់បញ្ជាក់ពីការត្រៀម ខ្លួនទទួលវត្តសម្ដេចពេលទៅដល់ទឹកដីអាមេរិកក្នុងសប្ដាហ៍ទី២ នៃខែឧសភានេះ។
ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេសA ឆ្នាំសិក្សា២០២០-២០២ នាថ្ងៃទី៣ខែឧសភា ឆ្នាំ២០២២នេះ សម្តេចបញ្ជាក់ថា ក្នុងដំណើរទៅអាមេរិកនៅគ្រានេះ សម្ដេចទទូចដល់ប្រជាជនខ្មែរនៅអាមេរិក ដែលគាំទ្រសម្ដេច កុំធ្វើបាតុកម្មតបត និងក្រុមប្រឆាំងឡើយ បើសិនពួកគេមានបាតុកម្មប្រឆាំងសម្ដេច ពីព្រោះតែវាមិនមែនជារឿងចាំបាច់នោះទេ។
តបតាមទឹកចិត្តរបស់ប្រជាជនខ្មែរនៅសហរដ្ឋអាមេរិកដែលគោរពស្រឡាញ់សម្ដេច សម្ដេចនឹងជួបពួកគាត់ជាបន្តបន្ទាប់ ទៅតាមពេលវេលាជាក់ស្តែង។
សម្ដេច អះអាងថា សម្ដេចក៏នឹងរង់ចាំមើលក្រុមប្រឆាំងថាតើមានចំនួនប៉ុន្មាននាក់ដែលធ្វើបាតុកម្មប្រឆាំងសម្ដេច តែទោះយ៉ាងណាសម្ដេចក៏ទទូចដល់ប្រជាជនខ្មែរនៅអាមេរិក គឺសូមកុំធ្វើបាតុកម្មប្រឆាំងក្រុមប្រឆាំងវិញអី ព្រោះវាមិនមែនជារឿងចាំបាច់នោះទេ។
គួរបញ្ជាក់ថា ប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិកជាច្រើន តាមរយៈសារជាវីដេអូពួកគាត់បានបង្ហាញអារម្មណ៍សប្បាយរីករាយនៅពេលដែលទទួលដំណឹងថា សម្ដេចនឹងទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិក ក្នុងនាមជាសហប្រធាន រួមគ្នានិងប្រធានាធិបតីអាមេរិក នៅថ្ងៃទី១២ និងទី១៣ ខែឧសភា ឆ្នាំ២០២២នេះ។
ពួកគាត់សប្បាយចិត្តដោយសារនឹងបានជួបសម្ដេចតេជោ ហ៊ុន សែន ដោយផ្ទាល់ ជាមួយជាប្រមុខដឹកនាំកម្ពុជាដែលពួកគាត់ចាត់ទុកថា សម្ដេចជាមោទនភាពរបស់ពួកគាត់។ ប្រជាជនខ្មែរនៅអាមេរិក បានប្រកាសធ្វើដំណើរចេញពីរដ្ឋផ្សេងៗដែលកំពុងរស់នៅ ទៅជួបជុំគ្នាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាទីដែលរៀបចំកិច្ចប្រជុំកំពូលនេះ៕



