លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានបង្ហាញផែនការមួយដើម្បីដាក់ចេញនូវការរឹតបន្តឹងបណ្តាញផ្សព្វផ្សាយសង្គមសមស្របតាមអាយុរបស់កុមារ។ កាលពីថ្ងៃចន្ទ លោកស្រី von der Leyen បានទទួលរបាយការណ៍ប្រឹក្សាយោបល់របស់អ្នកជំនាញទាក់ទងនឹងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមរបស់កុមារ។ ដោយលើកឡើងពីហានិភ័យសុខភាព និងសុខុមាលភាពរបស់អនីតិជនក្នុងការអភិវឌ្ឍរបស់ពួកគេ ដោយរបាយការណ៍បានស្នើឡើងនូវការរឹតបន្តឹងមួយចំនួន។

សម្រាប់កុមារដែលមានអាយុចន្លោះពី៣ឆ្នាំទៅ១២ឆ្នាំ របាយការណ៍បានណែនាំតែដំណើរការប្រើប្រព័ន្ធផ្សព្វផ្សាយសមស្របតាមអាយុដែលត្រូវកំណត់ពេលវេលា ដោយមានការពិនិត្យពីឪពុកម្តាយ ឬក្នុងបរិបទអប់រំ។ របាយការណ៍ ក៏បានណែនាំផងដែរថា ក្មេងជំទង់ដែលមានអាយុចន្លោះពី ១៣ឆ្នាំ ទៅ១៨ ឆ្នាំអាចចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនិងសេវាកម្មដែលមានសុវត្ថិភាពប្រើប្រាស់មុខងារ ដូចជាការកំណត់ចំពោះការអូសមើលកម្មវិធី។

ប្រធានគណៈកម្មការបានប្រាប់អ្នកសារព័ត៌មានថា «ពិភពលោកមួយដែលយើងបន្តអនុញ្ញាតឱ្យបច្ចេកវិទ្យាធំៗដំណើរការសម្រាប់កូនៗរបស់យើងដោយគ្មានការរឹតត្បិត នឹងធ្វើឱ្យមនុស្សជំនាន់ក្រោយជួបគ្រោះថ្នាក់ផ្លូវចិត្ត ការញៀន និងទុក្ខលំបាកកាន់តែច្រើន»។ លោកស្រីបាននិយាយថា ក្រុមរបស់លោកស្រីនឹងពិនិត្យមើលរបាយការណ៍នេះ និងបង្ហាញសំណើមួយបន្ទាប់ពីរដូវក្តៅ។
ចំណាត់ការនេះធ្វើឡើងនៅពេលដែលប្រទេសនានាពិចារណា ឬដាក់ចេញនូវការរឹតបន្តឹង ជាគំរូ ប្រទេសអូស្ត្រាលី ក្នុងការហាមឃាត់បណ្តាញផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ ឆ្នាំ។