មណ្ឌលគិរី ៖ ខណៈពេលដែលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងស្ថិតក្នុងស្ថានភាពប្រឈមធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងកូវីដ១៩ នៅតែបន្តរកឃើញពីមួយថ្ងៃទៅមួយថ្ងៃ អភិបាលខេត្តមណ្ឌលគិរី បានចុះណែនាំដល់កងកម្លាំង និងគ្រូពេទ្យដោយផ្ទាល់ នៅចំណុចព្រំប្រទល់ខេត្តមណ្ឌលគិរី-ក្រចេះ ដើម្បីពង្រឹងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋ ដែលធ្វើដំណើរមកពីបណ្តាខេត្ត មានហានិភ័យនៃជំងឺកូវីដ១៩ ចូលមកខេត្តមណ្ឌលគិរី ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានលើកឡើងនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ថា ថ្វីត្បិតតែខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋណាម្នាក់ឆ្លងជំងឺកូវីដ១៩ ក៏ដោយ តែយើងក៏មិនត្រូវភ្លេចខ្លួននោះដែរ គឺត្រូវអនុវត្តឲ្យបានតឹងរ៉ឹងតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ហើយអាជ្ញាធរខេត្ត បានផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីផ្សេងៗ នៅទូទាំងខេត្ត លើកលែងតែពិធីបុណ្យសពតែប៉ុណ្ណោះ។
ឯកឧត្តម បញ្ជាក់បន្ថែមថា សម្រាប់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត ដែលធ្វើដំណើរចូលមកខេត្តមណ្ឌលគិរី ត្រូវធ្វើការពិនិត្យសុខភាពជាបឋម ដូចជា វ៉ាស់កំដៅ លាងសម្អាតដៃជាមួយអាល់កុល ឫជេល និងសួរនាំប្រវត្តិ ហើយប្រសិនបើបុគ្គលនោះ មកពីបណ្តាខេត្ត ដែលមានហានិភ័យខ្ពស់ ត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានលើកទឹកចិត្តដល់កងកម្លាំង និងក្រុមគ្រូពេទ្យ រួមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខាងតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន ៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល។
នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន រួមមាន ៖ អង្ករ គ្រឿងឧបភោគបរិភោគ ម៉ាស់ អាល់កុល និងថវិកា១លានរៀល ផ្តល់ជូនកងកម្លាំង ដោយឡែក ក្រុមគ្រូពេទ្យដែលប្រចាំការឧបត្ថម្ភថវិកាចំនួន ១០០ដុល្លារផងដែរ៕
អត្ថបទ ៖ អ៊ិត ភីរុណ