ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា ការបន្ថយកម្រិតបម្រាមធ្វើដំណើររបស់សាធារណរដ្ឋកូរ៉េនាពេលនេះ គឺជារឿងត្រឹមត្រូវ និងផ្តល់ភាពយុត្តិធម៌ឱ្យកម្ពុជា ខណៈរាជរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការបង្រ្កាបក្រុមឧក្រិដ្ឋជនប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅលើទឹកដីកម្ពុជា។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី សាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងការបរទេស កាលពីថ្ងៃសុក្រសប្តាហ៍មុនបានបន្ធូរបន្ថយកម្រិតបម្រាមធ្វើដំណើរសម្រាប់ពលរដ្ឋរបស់ខ្លួន នៅទីតាំងមួយចំនួនក្នុងប្រទេសកម្ពុជាពីកម្រិតលេខ ៤ មកកម្រិតលេខ៣ ក្រោមហេតុផលថា ស្ថានភាពសន្តិសុខល្អប្រសើរ។
ឯកឧត្តម ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា ការបន្ថយកម្រិតបម្រាមរបស់សាធារណរដ្ឋកូរ៉េ នាពេលនេះ គឺជា ការយល់ត្រូវ និងជាការផ្តល់យុត្តិធម៌ដល់កម្ពុជា ហើយ ក៏នឹងអាចធ្វើឱ្យភ្ញៀវទេសចរ និងវិនិយោគិនបរទេសទាំងអស់ ជាពិសេស ភ្ញៀវទេសចរ និងវិនិយោគិនកូរ៉េ នឹងលែងមានបន្ទិលសង្ស័យអំពីការផ្សព្វផ្សាយអវិជ្ជាមានក្នុងចរិកមូលបង្កាច់អចេតនាតាមរូបភាពផ្សេងៗមកលើប្រទេសកម្ពុជាទាំងមូល។
ឯកឧត្តម បន្ថែមថា ក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ដែលដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គឺការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបាន ហើយកម្ពុជាពុំមែនជាជម្រក ឬក៏ជាឋានសួគ៌របស់ឧក្រិដ្ឋជននោះទេ ដូចដែលប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលសម្តេចបានគូសបញ្ជាក់ជាបន្តបន្ទាប់រួចមកហើយ។
ឯកឧត្តម បានបញ្ជាក់ថា ទាំងភ្ញៀវជាតិ និងអន្តរជាតិដែលស្នាក់នៅក្នុងប្រទេសកម្ពុជា សូមរស់នៅដោយភាពកក់ក្តៅ ទំនុកចិត្ត និងជឿជាក់ លើសមត្ថកិច្ចចម្រុះរបស់កម្ពុជា ជាពិសេស ជឿជាក់មកលើរាជរដ្ឋាភិបាលនូវការការក្សាបានសន្តិសុខសុវត្ថិភាពសង្គម ដោយ ឯកឧត្តម បានអំពាវនាវដល់វិនិយោគិនបរទរស និងភ្ញៀវទេសចរអន្តរជាតិមកលេងប្រទេសកម្ពុជាដោយទំនុកចិត្ត ពោលគឺមិនដូចជាការផ្សព្វផ្សាយមូលបង្កាច់ និងបំភ្លៃការពិតរបស់ក្រុមណាមួយនោះឡើយ។
បើតាម អ្នកនាំពាក្យរងរូបនេះ កម្ពុជា-សាធារណកូរ៉េ ក៏ដូចជា ជាមួយបណ្តាប្រទេសទាំងអស់ នៅតែបន្តកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតប្រកបដោយភាពស្មោះត្រង់ជាមួយគ្នា ដើម្បីឈានទៅវាយកម្ទេចនូវក្រុមតូចដែលកំពុងភៀសខ្លួន និងបង្កើតឧបាយកលថ្មីៗ ក្នុងការប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយ ឯកឧត្តមសង្ឃឹមថា សាធារណរដ្ឋកូរ៉េ នឹងបន្តទម្លាក់កម្រិតបម្រាមធ្វើដំណើរទាំងស្រុក ផងដែរ៕ អត្ថបទ៖ ធូ វិរៈ

