ធុរកិច្ចអាមេរិកបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ លើការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក នឹងរំពឹងថា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងមានកំណើនហក់ឡើងកាន់តែខ្ពស់បន្ថែមទៀត ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ខណៈទីផ្សារអាមេរិកបានកំពុងស្រូបយក ទំនិញដែលមានសក្តានុពលថ្មីៗបន្ថែមពីកម្ពុជា។

លោក ខេស៊ី បាណេត ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) លើកឡើងក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក នេះថា កម្ពុជានិងសហរដ្ឋអាមេរិក មានទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងរឹងមាំ ក្នុងនោះសម្រាប់ការធ្វើពាណិជ្កម្ម, កម្ពុជាបានទទួលប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ពីសហរដ្ឋ អាមេរិកនៅឆ្នាំ១៩៩៧ (ដោយទទួលការអនុគ្រោះមិនយកពន្ធ ០% លើទំនិញខ្លះ) តែបានផុតកំណត់សុពលភាពនៅដំណាច់ឆ្នាំ ២០២០។ តែទោះបីយ៉ាងណា, ទីផ្សារសហរដ្ឋអាមេរិក នៅតែបន្តគាំទ្រដល់ការនាំចេញ និងបច្ចុប្បន្នបានក្លាយជាទីផ្សារនាំចេញដ៏ធំ បំផុតរបស់កម្ពុជាផងដែរ។
លោក បន្តថា ជុំវិញការការធ្វើពាណិជ្ជកម្មទ្វេភាគីនេះឃើញថា ការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកចូលមកទីផ្សារកម្ពុជា, ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥ មកដល់បច្ចុប្បន្នបាននិងកំពុងបន្តកើនឡើង ខណៈការនាំចេញរបស់កម្ពុជាទៅអាមេរិក ក៏បានកើន ឡើងគួរកត់សម្គាល់ផងដែរ ជាក់ស្តែងការនំាចេញទំនិញរបស់កម្ពុជា ក្នុងនោះក្រៅពីទំនិញដែលមានស្រាប់ដូចជា ការនាំចេញសម្លៀក បំពាក់ កាបូប ស្បែកជើង និងសម្ភារៈធ្វើដំណើរ បច្ចុប្បន្នទីផ្សារអាមេរិកក៏បាននិងកំពុងស្រូបយកទំនិញដែលមានសក្តានុពលថ្មីៗបន្ថែម ទៀតពីកម្ពុជាដូចជា សំបកកង់ឡាន ទោចក្រយាន គ្រឿងអេឡិចត្រូនិច ខ្សែភ្លើងនិងគ្រឿងបង្គុំខ្សែភ្លើង និងបន្ទះសូឡាជាដើម ដែល ប្រភេទទំនិញបានកំពុងគាំទ្រដល់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក។
សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក បើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុប ជាង ៧,៤៨០ លានដុល្លារអាមេរិក កើនឡើងជាង ៣០ ភាគរយ, ក្នុងនោះកម្ពុជាបាននាំចេញ មានទឹកប្រាក់ជាង ៧,១៧២ លានដុល្លារ អាមេរិក កើនឡើងជិត ៣០ ភាគរយ ខណៈការនាំចូលពីអាមេរិកមកកម្ពុជាមានទឹកប្រាក់ ៣០៧ លានដុល្លារអាមេរិក កើន ៨៦ ភាគរយ ធៀបទៅនិងរយៈពេលដូចគ្នាឆ្នាំ២០២៥៕អត្ថបទ៖ សុន រ៉ាឌី