ប្រទេសអាហ្វ្រិកខាងត្បូង បាននិរទេស ឬបញ្ជូនជនអន្តោប្រវេសន៍អាហ្វ្រិកជាង ៥៣.០០០ នាក់ ត្រឡប់ទៅប្រទេសរបស់ពួកគេវិញ ក្នុងរយៈពេលមួយខែ នៅក្នុងការបង្ក្រាបរបស់អាជ្ញាធរ ដែលបានកើតឡើងស្របពេលជាមួយនឹងការតវ៉ាជាបន្តបន្ទាប់ដែលជួនកាលមានអំពើហិង្សាប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាហ្វ្រិកខាងត្បូង លោកស្រី Mmamoloko Kubayi បាននិយាយកាលពីថ្ងៃអាទិត្យថា ជនអន្តោប្រវេសន៍ជាង ៨០ ភាគរយដែលត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវិញ គឺមកពីប្រទេសម៉ាឡាវី។ មន្ត្រីមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនមនុស្សដែលត្រូវបាននិរទេស និងចំនួនមនុស្សដែលបានទទួលយកការផ្តល់ជូននៃការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនោះទេ។

ប្រទេសអាហ្វ្រិកជាច្រើនបានផ្តល់យន្តហោះ និងរថយន្តក្រុង ដើម្បីដឹកពលរដ្ឋរបស់ពួកគេត្រឡប់ទៅប្រទេសវិញ ក្នុងអំឡុងពេលមានការកើនឡើងនូវអារម្មណ៍ប្រឆាំងនឹងជនអន្តោប្រវេសន៍ នៅអាហ្វ្រិកខាងត្បូង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលបានបង្កឲ្យមានការវាយប្រហារមួយចំនួនប្រឆាំងនឹងជនបរទេស និងបានធ្វើឲ្យផ្នែកខ្លះនៃប្រទេសនេះ មានការភ័យខ្លាច។
នគរបាលបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ៣៥០នាក់ ទាក់ទងនឹងអំពើហិង្សាសាធារណៈ ការបំភិតបំភ័យ និងការត្រួតពិនិត្យអន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាត ជានិន្នាការមួយដែលក្រុមជនស៊ីវិលអាហ្វ្រិកខាងត្បូងព្យាយាមបង្ខំជនអន្តោប្រវេសន៍ឲ្យបង្ហាញឯកសារ ដើម្បីបញ្ជាក់ថា ពួកគេស្ថិតនៅក្នុងប្រទេសនេះដោយស្របច្បាប់៕