សហរដ្ឋអាមេរិកបានឱ្យដឹងកាលពីយប់ថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) ថា ខ្លួនប្តេជ្ញាចិត្ត ចំពោះសន្តិសុខរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយបញ្ជាក់ពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះព្រះរាជាណាចក្រមួយនេះ ក្នុងការទប់ទល់នឹងការវាយប្រហាររបស់ក្រុមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya English ថា៖ «សហរដ្ឋអាមេរិកឈរយ៉ាងរឹងមាំជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រឆាំងនឹងការឈ្លានពានរបស់អ៊ីរ៉ង់ ក្នុងនោះរួមទាំងការវាយប្រហាររបស់ក្រុមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់ផងដែរ ហើយនៅតែប្តេជ្ញាចិត្ត ចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់របស់ព្រះរាជាណាចក្រមួយនេះ»។
មន្ត្រីរូបនេះបានបន្តទៀតថា ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត នៅតែជាមូលដ្ឋានគ្រឹះនៃគោលនយោបាយក្នុងតំបន់របស់ទីក្រុងវ៉ាស៊ីនតោន ដោយបន្ថែមថា ភាពជាដៃគូយុទ្ធសាស្ត្រ បានរីកចម្រើនកាន់តែខ្លាំងឡើង ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump។
អ្នកនាំពាក្យរូបនេះក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកបន្តផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងក្រុមហ៊ួធីរបស់ប្រទេសយេម៉េន ហើយនឹងឱ្យអ៊ីរ៉ង់ទទួលខុសត្រូវ ចំពោះការគាំទ្ររបស់ខ្លួន ចំពោះក្រុមនេះ។
គួរបញ្ជាក់ថា ក្រសួងការពារជាតិអារ៉ាប៊ីសាអ៊ូឌីត បានឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានទប់ទល់នឹងមីស៊ីលបាលីស្ទិកដែលបាញ់ដោយក្រុមឧទ្ទាមហ៊ួទី ឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងប្រទេស។
ក្រុមហ៊ួទីដែលគ្រប់គ្រងភាគខាងជើងយេម៉េន បានចោទប្រកាន់អារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃចន្ទថា បានវាយប្រហារតាមអាកាសលើអាកាសយានដ្ឋានអន្តរជាតិ នៅទីក្រុង Sanaa ហើយបានប្ដេជ្ញាថា នឹងសងសឹកវិញ៕

