ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយកាលពីថ្ងៃចន្ទថា លោកសង្ឃឹមថា កិច្ចពិភាក្សាដែលគ្រោងធ្វើឡើងនៅទីក្រុងរ៉ូម នៅថ្ងៃអង្គារ និងថ្ងៃពុធ នឹងនាំឲ្យអ៊ីស្រាអែលដកទ័ពចេញពីភាគខាងត្បូងប្រទេសលីបង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់។

លោក Aoun បានសង្កត់ធ្ងន់ថា លោកនឹងមិនសម្របសម្រួលលើសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសនេះ ទេ ដោយលោកនិយាយថា កិច្ចព្រមព្រៀងក្របខណ្ឌដែលទើបចុះហត្ថលេខាថ្មីៗនេះរវាងលីបង់ និងអ៊ីស្រាអែលបញ្ជាក់ថា អ៊ីស្រាអែលមិនមាន«មហិច្ឆតាទឹកដីនៅក្នុងប្រទេសលីបង់» ទេ។
លោកប្រធានាធិបតីបានបន្ថែមថា លោកនឹងពន្យល់ពីជំហររបស់ប្រទេសលីបង់ ទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី២១ ខែកក្កដា ហើយស្នើសុំឲ្យលោកដាក់សម្ពាធលើអ៊ីស្រាអែលឲ្យអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌ និងបំពេញតាមការទាមទាររបស់ប្រទេសលីបង់។
ការដកទ័ពរបស់អ៊ីស្រាអែល គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្របខណ្ឌដែលបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន នាចុងខែមិថុនា៕
