ភ្នំពេញ៖ អង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC និងនគរបាលសហព័ន្ធអូស្ត្រាលី AFP បានកំពុងប្រើប្រាស់ពេលវេលាចំនួន៥ថ្ងៃចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែឧសភា ធ្វើការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់កម្ពុជា លើជំនាញ ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនោះថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់គឺការជម្រុញមន្ត្រីអនុវត្តច្បាប់កម្ពុជា មានជំនាញចេះស្វែងរកអត្តសញ្ញាណបទល្មើសសម្អាតប្រាក់ និងយន្តការប្រឆាំងបទល្មើសសម្អាតប្រាក់ ដែលបំប្លែងពីប្រាក់ខុសច្បាប់មានដូចជាប្រាក់បានមកពីការធ្វើជំនួញគ្រឿងញៀនជាដើម ទៅជាប្រាក់ស្របច្បាប់។
ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វីរិទ្ធឋ បានថ្លែង អំណរគុណដល់UN និងនគរបាល AFPនៃប្រទេសអូស្ត្រាលី ដែលបានផ្តល់កិច្ចសហការជួយដល់កម្ពុជានាពេលកន្លងមកពិសេស ការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់កម្ពុជានាពេលនេះគឺស្របពេលដែលកម្ពុជា បាននិងកំពុង ខិតខំលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងបទល្មើសសម្អាតប្រាក់ និងបានចាត់ទុកថា ការងារស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ជាការងាររួមដែលត្រូវតែរួមគ្នាបង្ការបង្រ្កាប។
លោក Anthony Maguire តំណាងនគរបាល សហព័ន្ធអូស្រ្តាលី AFP ថ្លែងថា សិក្ខាសាលានេះគឺមានសារ:សំខាន់ដល់មន្រ្តីច្បាប់កម្ពុជា ក្នុងការបង្កើនការយល់ដឹង ហើយត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត លើការងារស៊ើបអង្កេតនិងដាក់ទោសដល់ឧក្រិដ្ឋជនដែលបានប្រព្រឹត្តបទល្មើស និងរឹបអូសផលដែលបានមកពីបទល្មើសសម្អាតប្រាក់ ៕ អត្ថបទ៖ ស៊ុម សុខជា