នៅថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ស្តារការឆ្លងកាត់ដោយសុវត្ថិភាពឡើងវិញ តាមរយៈច្រកសមុទ្រ Hormuz ខណៈដែលការប្រយុទ្ធគ្នា រវាងភាគីទាំង២ បានផ្ទុះឡើងម្តងទៀត ពាក់ព័ន្ធនឹងរបៀបដែលផ្លូវទឹកយុទ្ធសាស្ត្រនេះ គួរតែត្រូវបានគ្រប់គ្រងយ៉ាងដូចម្ដេច។
អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានមួយថា «ការស្តារការឆ្លងកាត់ធម្មតា និងសុវត្ថិភាពឡើងវិញ តាមរយៈច្រកសមុទ្រនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន គឺជាបំណងប្រាថ្នារួមរបស់សហគមន៍អន្តរជាតិ» ហើយលោកបានបន្ថែមថា ទីក្រុងប៉េកាំងនឹង «ប្រឹងប្រែងឥតឈប់ឈរ ដើម្បីជួយសម្រាលស្ថានការណ៍»។

សហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារនៅយប់ទី៣ លើអ៊ីរ៉ង់ ខណៈដែលប្រធានាធិបតី លោក Donald Trump មានគម្រោងចាប់ផ្ដើមការបិទខ្ទប់ផ្លូវទឹកឡើងវិញ នៅថ្ងៃអង្គារនេះ ចំពោះកំពង់ផែអ៊ីរ៉ង់ និងបានលើកឡើងពីការយកថ្លៃ ២០ភាគរយ លើទំនិញ នៅច្រកសមុទ្រ Hormuz ដ៏សំខាន់នេះ។
អ៊ីរ៉ង់បានចាប់ផ្តើមបិទច្រកសមុទ្រនេះ បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល កាលពីខែកុម្ភៈ ដែលបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបិទផ្លូវកំពង់ផែរបស់ទីក្រុងតេអេរ៉ង់ ប៉ុន្តែការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ បន្ទាប់ពីភាគីទាំង២ បានយល់ព្រមលើកិច្ចព្រមព្រៀងបឋម ក្នុងខែមិថុនា៕
