ក្រសួងការបរទេសចិន នៅថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ បានអំពាវនាវឱ្យភាគីអឺរ៉ុបប្រុងប្រយ័ត្ន ចំពោះពាក្យសម្ដី និងទង្វើរបស់ខ្លួន ជុំវិញករណីសមុទ្រចិនខាងត្បូង ហើយឈប់គាំទ្រ «សេចក្តីសម្រេចខុសច្បាប់» ដើម្បីការពារកុំឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន និងសហភាពអឺរ៉ុប (EU)។
អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «អឺរ៉ុបមិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងនោះទេ ហើយគ្មានសិទ្ធិធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញអធិបតេយ្យទឹកដី សិទ្ធិ និងផលប្រយោជន៍ផ្លូវសមុទ្រស្របច្បាប់របស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង»។

ការអត្ថាធិប្បាយទាំងនេះ បានកើតឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍រួមដែលចេញកាលពីថ្ងៃអាទិត្យដោយប្រទេសនានា ក្នុងនោះរួមមានទាំងប្រទេសអឺរ៉ុបមួយចំនួនផងដែរ ដែលបានលើកឡើងថា ការទាមទារដែនសមុទ្រដ៏ធំទូលាយរបស់ចិន នៅសមុទ្រចិនខាងត្បូង មិនមានមូលដ្ឋានច្បាប់ទេ ដោយបន្ទាប់មកមានសេចក្តីថ្លែងការណ៍ពាក់ព័ន្ធពី EU។
លោក Lin បានបញ្ជាក់ថា ចិនក៏បានកោះអញ្ជើញមន្ត្រីនៃស្ថានទូតនៃប្រទេសពាក់ព័ន្ធ ប្រចាំនៅប្រទេសចិន និងគណៈប្រតិភូ EU ប្រចាំប្រទេសចិន និងបានដាក់ការតវ៉ាផ្លូវការយ៉ាងខ្លាំងក្លាជាមួយពួកគេ៕

