ប្រទេសលីបង់ និងអ៊ីស្រាអែលកំពុងបើកកិច្ចចរចាថ្មី ក្រោមការឧបត្ថម្ភរបស់សហរដ្ឋអាមេរិក នៅទីក្រុងរ៉ូម នាថ្ងៃអង្គារនេះ ខណៈភាពតានតឹងក្នុងតំបន់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ កំពុងកើនឡើង។

ប្រទេសទាំងពីរ ដែលបានស្ថិតក្នុងស្ថានភាពសង្គ្រាមជាផ្លូវការអស់រយៈពេលជាច្រើនទសវត្សរ៍ បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍មួយកាលពីថ្ងៃទី២៦ ខែមិថុនា បន្ទាប់ពីកិច្ចចរចាចំនួន ៥ជុំ ដែលបានធ្វើឡើង នៅទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ និងត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាព។
ប៉ុន្តែ ក្រុមហេសបូឡាបានបដិសេធកិច្ចព្រមព្រៀងនេះ ដែលអំពាវនាវឲ្យដកអាវុធពីក្រុមនេះ ហើយការអនុវត្តកិច្ចព្រមព្រៀងគ្រោង នឹងចាប់ផ្តើម ដោយការដកកងទ័ពអ៊ីស្រាអែលចេញពី «តំបន់សាកល្បង» ចំនួនពីរ នៅភាគខាងត្បូងប្រទេសលីបង់។
ការិយាល័យប្រធានាធិបតីលីបង់ បានប្រកាសកាលពីថ្ងៃចន្ទថា គណៈប្រតិភូរបស់ខ្លួន ដែលទៅចូលរួមកិច្ចចរចានៅទីក្រុងរ៉ូម បានទទួលការណែនាំឲ្យ«ទាមទារឲ្យកងកម្លាំងអ៊ីស្រាអែលចាប់ផ្តើមដកចេញពីតំបន់សាកល្បងទាំងពីរជាបន្ទាន់ មុននឹងមានការពិភាក្សាបន្ថែមណាមួយនោះ»៕
