សភាហុងគ្រី នៅថ្ងៃចន្ទ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបញ្ចប់អាណត្តិរបស់ប្រធានាធិបតី លោក Tamas Sulyok ដោយបើកផ្លូវឱ្យមានការដកតំណែងប្រមុខរដ្ឋដែលត្រូវបានបោះឆ្នោតជ្រើសរើស ក្នុងអំឡុងពេលអតីតនាយករដ្ឋមន្ត្រី លោក Viktor Orban កាន់អំណាច។

យោងតាមគេហទំព័រព័ត៌មាន 24.hu នៅហុងគ្រី បានឱ្យដឹងថា សមាជិកសភាបានអនុម័តវិសោធនកម្មលើកទី១៧ នៃច្បាប់មូលដ្ឋាន ដោយមានការបោះឆ្នោត ១៣៩ ទល់នឹង ៦សំឡេង ដោយគ្មានសំឡេងអនុបវាទ។ វិសោធនកម្មនេះ ចែងថា អាណត្តិរបស់ប្រធានាធិបតីក្នុងតំណែង នឹងបញ្ចប់នៅថ្ងៃបន្ទាប់ពីការកែប្រែរដ្ឋធម្មនុញ្ញចូលជាធរមាន ដោយបញ្ចប់យ៉ាងមានប្រសិទ្ធភាពនូវតំណែងរបស់លោក Sulyok មុនពេលបញ្ចប់អាណត្តិ ៥ឆ្នាំដែលលោកបានចាប់ផ្តើមនៅឆ្នាំ២០២៤។
តាមច្បាប់របស់ប្រទេសហុងគ្រី លោក Sulyok ត្រូវតែប្រកាសវិសោធនកម្មនេះ ដោយចុះហត្ថលេខាលើវាក្នុងរង្វង់រយៈពេល ៥ថ្ងៃបន្ទាប់ពីទទួលបានឯកសារពីប្រធានសភា ដែលមានន័យថា លោកត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើច្បាប់ដែលបញ្ចប់អាណត្តិរបស់លោក។
ទោះបីជាប្រធានាធិបតីអាចស្នើសុំការពិនិត្យឡើងវិញជាបឋម ដោយតុលាការធម្មនុញ្ញ ជុំវិញមូលដ្ឋាននីតិវិធី មុនពេលប្រកាសវិសោធនកម្មរដ្ឋធម្មនុញ្ញនេះក៏ដោយ ក៏នាយករដ្ឋមន្ត្រី លោក Peter Magyar បាននិយាយថា ចំណាត់ការបែបនេះនឹងបង្កឱ្យមានដំណើរការចោទប្រកាន់ទម្លាក់តំណែងលោក Sulyok។
ហើយបើយោងតាមលោក Magyar បានឱ្យដឹងទៀតថា ប្រសិនបើដំណើរការចោទប្រកាន់ទម្លាក់តំណេងត្រូវបានចាប់ផ្តើម លោក Sulyok នឹងត្រូវបានផ្អាកពីការអនុវត្តអំណាចប្រធានាធិបតីរបស់លោក ខណៈពេលដែលតុលាការធម្មនុញ្ញកំពុងពិចារណាករណីនេះ៕
