ភ្នំពេញ៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ថា (RCEP) ផ្តល់ការជំរុញដ៏ធំមួយដល់សេដ្ឋកិច្ចរបស់កម្ពុជា ជាមួយនឹងការនាំចេញទៅកាន់ប្រទេសសមាជិក នៃកិច្ចព្រមព្រៀងមួយនេះ បានកើនឡើង ១១ ភាគរយនៅក្នុងត្រីមាសទី១ឆ្នាំ២០២២នេះ ។
ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ មានចំនួន ១,៩៥ ប៊ីលានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ ២០២២ កើនឡើង ១១ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម។
ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំនេះ គោលដៅនាំចេញសំខាន់ៗទាំងបីរបស់កម្ពុជាគឺ វៀតណាម ចិន និងថៃ ក្នុងនោះកម្ពុជា បាននាំចេញទំនិញមានតម្លៃ ៧៥៩ លានដុល្លារទៅវៀតណាម ៣២២ លានដុល្លារទៅប្រទេសចិន និង ៣១៨ លានដុល្លារទៅប្រទេសថៃ។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កំណើននៃការនាំចេញនេះ ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ផ្តល់ការជំរុញដ៏ធំមួយដល់សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលវែង ។
ក្រោមកិច្ចព្រមព្រៀងដ៏ធំនេះ កម្ពុជាត្រូវបានព្យាករថា នឹងមានកំណើនការនាំចេញក្នុងមួយឆ្នាំពី ៩,៤ ភាគរយ ទៅ ១៨ ភាគរយ ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិពី ២ ភាគរយ ទៅ ៣,៨ ភាគរយ” ។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ មាន ១៥ ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ -ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួនប្រាំ មានចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
ក្នុងនាមជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP មានផលិតផលក្នុងស្រុកសរុប (GDP) រួមបញ្ចូលគ្នាចំនួន ២៦,២ ទ្រីលានដុល្លារ តំណាងឱ្យប្រមាណ ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក ២៨ ភាគរយ នៃពាណិជ្ជកម្មពិភពលោក និង ៣២,៥ ភាគរយ នៃការវិនិយោគពិភពលោក៕ អត្ថបទ៖ វណ្ណៈ


