ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UN) កំពុងស៊ើបអង្កេតព័ត៌មានរាយការណ៍ដែលថា ទូកចំនួនពីរគ្រឿងដែលដឹកសមាជិកនៃក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលត្រូវបានគេធ្វើទុកបុកម្នេញ នៅប្រទេសមីយ៉ាន់ម៉ា បានក្រឡាប់លិចនៅឈូងសមុទ្របេងហ្គាល់ (Bay of Bengal)។

ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន (UNHCR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃអង្គារនេះថា តាមរបាយការណ៍ ទូកទាំងនោះបានចាកចេញពីរដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា កាលពីចុងខែមិថុនា មុនពេលលិច។
UNHCR បាននិយាយថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលទ្ធភាពនៃការបាត់បង់ជីវិត ហើយកំពុងធ្វើការផ្ទៀងផ្ទាត់ព័ត៌មានលម្អិតបន្ថែមទៀត»។
ទីភ្នាក់ងារនេះ បានបដិសេធមិនបញ្ចេញព័ត៌មានលម្អិតបន្ថែមទេ រួមទាំងចំនួនជនជាតិរ៉ូហ៊ីងយ៉ាដែលគេជឿថា មាននៅលើទូក និងទីតាំងប្រហាក់ប្រហែលដែលទូកទាំងពីរ បានលិច៕
