បុរស ១០នាក់ បានរងរបួសនៅថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ អំឡុងព្រឹត្តិការណ៍ប្រដេញគោលើកទី៨ និងចុងក្រោយនៃពិធីបុណ្យ San Fermin ដ៏ល្បីល្បាញរបស់ប្រទេសអេស្ប៉ាញ ដែលនាំឱ្យចំនួនអ្នករបួសសរុបនៃអ្នកដែលមិនញញើតហ៊ានលេងកម្មវិធីនេះ ក្នុងឆ្នាំ២០២៦ កើនឡើងដល់យ៉ាងហោចណាស់ ៥៧នាក់។
រដ្ឋបាលតំបន់ Navarre បានឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា បុរសអាយុ ១៨ឆ្នាំម្នាក់បានរងរបួសដោយសារស្នែងគោជល់ចំភ្លៅ ហើយបុរសអាយុ ៤៦ឆ្នាំមួយរូប ត្រូវបានគោជល់ចំទ្រូង ខណៈដែល ៨នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានស្នាមជាំធ្ងន់ធ្ងរខុសៗគ្នា។
រៀងរាល់ព្រឹកនៃរយៈពេល ៨ថ្ងៃនេះ អ្នកមិនខ្លាចរអារាប់រយនាក់ ដែលភាគច្រើនស្លៀកអាវពណ៌សប្រពៃណីជាមួយនឹងក្រមាពណ៌ក្រហម ជុំវិញករបស់ពួកគេ បានសាកល្បងភាពក្លាហានរបស់ពួកគេ ដោយរត់នាំមុខហ្វូងគោឆ្លងកាត់ផ្លូវតូចចង្អៀត និងកោងនៃទីក្រុងមជ្ឈិមសម័យ។ ភាគច្រើនលើសលប់នៃអ្នកចូលរួម គឺជាបុរស។
ពិធីបុណ្យ San Fermin ដែលត្រូវបានធ្វើឱ្យល្បីល្បាញដោយសារស្នាដៃប្រលោមលោកឆ្នាំ១៩២៦ របស់លោក Ernest Hemingway ដែលមានចំណងជើងថា The Sun Also Rises ទាក់ទាញមនុស្សមកពីជុំវិញពិភពលោក។
នៅក្នុងចំណោមអ្នករងរបួសទាំង ៥៧នាក់នោះ មាន ៥នាក់ជាជនបរទេស គឺជនជាតិអង់គ្លេស ២នាក់ ជនជាតិអូស្ត្រាលីម្នាក់ ជនជាតិអាមេរិកម្នាក់ និងជនជាតិអាល្លឺម៉ង់ម្នាក់ដែលត្រូវបានគោជល់ចំដៃខាងឆ្វេង៕



