ប្រទេសរុស្ស៊ីបានបើកការវាយប្រហារយ៉ាងសន្ធាប់ ដោយប្រើប្រាស់យានដ្រូន និងមីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ លើទីក្រុងគីវ នាព្រឹកថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ ដែលជាប្រតិបត្តិការលើកទី៥ លើរដ្ឋធានីរបស់អ៊ុយក្រែន រហូតមកដល់ពេលនេះក្នុងខែនេះ ខណៈដែលទីក្រុងមូស្គូ កំពុងបង្កើនការវាយប្រហារពីលើអាកាស។
លោកប្រធានាធិបតី Volodymyr Zelenskyy បានលើកឡើងថា ការវាយប្រហារនេះបានបំផ្លាញទីតាំងចំនួន ១៦កន្លែង នៅក្នុងរដ្ឋធានី ក្នុងនោះរួមមានទាំងសាលារៀន និងអាជីវកម្មផងដែរ ខណៈដែលមន្ត្រីក្រុង បានរាយការណ៍ពីការមានអគ្គិភ័យជាច្រើន នៅទូទាំងទីក្រុង។
លោក Zelenskyy បានឱ្យដឹងទៀតថា រុស្ស៊ីក៏បានកំណត់គោលដៅផងដែរ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅភាគកណ្តាល និងភាគខាងត្បូងអ៊ុយក្រែន ដោយបន្ថែមថា ការវាយប្រហារទាំងនោះបានធ្វើឱ្យមនុស្ស ៧នាក់រងរបួស នៅតំបន់ Kharkiv ភាគខាងកើត និង ៣នាក់នៅតំបន់ Chernihiv ភាគខាងជើង។
លោក Zelenskyy បានរៀបរាប់តាមរយៈការបង្ហោះសារ នៅលើបណ្ដាញសង្គម X ថា «យប់មិញ រុស្ស៊ីបានបាញ់យានដ្រូនចំនួន ១៣៥គ្រឿង និងមីស៊ីលប្រភេទផ្សេងៗគ្នា ១០គ្រាប់ ដែលភាគច្រើនជាមីស៊ីលបាលីស្ទិក លើទីក្រុង និងសហគមន៍របស់យើង»។
គួរបញ្ជាក់ថារដូវក្តៅនេះ រុស្ស៊ីបានបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួន លើអ៊ុយក្រែន ដោយវាយប្រហារទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសនេះស្ទើរតែរៀងរាល់យប់ ខណៈដែលទីក្រុងគីវ មានអាវុធការពារដែនអាកាសតិចតួច ដើម្បីទប់ទល់នឹងមីស៊ីលបាលីស្ទិក។
កងទ័ពអាកាសអ៊ុយក្រែនបានឱ្យដឹងថា អង្គភាពការពារដែនអាកាស បានបាញ់ទម្លាក់មីស៊ីលបាលីស្ទិកចំនួន ៥គ្រាប់ ក្នុងចំណោម ៨គ្រាប់ដែលរុស្ស៊ីបានបាញ់កាលពីយប់មិញ ដែលជាអត្រាស្ទាក់ចាប់ខ្ពស់ជាងការវាយប្រហារកាលពីដើមខែនេះ ហើយនិងបាញ់ទម្លាក់យានដ្រូន ១០៨គ្រឿង ក្នុងចំណោម ១៣៥គ្រឿង៕