រុស្ស៊ី៖ លោក Vyacheslav Volodin ប្រធានសភារុស្ស៊ីបានបង្ហាញការមិនពេញចិត្ត ចំពោះប្រទេសទាំងអស់ដែលកំពុងផ្ដល់ជំនួយយោធាឲ្យទៅអ៊ុយក្រែន ដោយហៅពួកគេថាជាឧក្រិដ្ឋជនសង្គ្រាម ខណៈប្រទេសទាំងនោះកំពុងរុញដោលពិភពលោកឲ្យធ្លាក់ចូលមាត់ជ្រោះនៃគ្រោះមហន្តរាយ។

លោក Volodin បាននិយាយថា ប្រទេសទាំងឡាយដែលជួយអ៊ុយក្រែនឲ្យមានលទ្ធភាពការពារខ្លួន គឺជាការជាន់ពន្លិចខ្លួនឯងដែលបណ្ដាលឲ្យគេអូសចូលទៅក្នុងជម្លោះ។ ប្រធានសភាក៏បានរម្លឹកអំពីប្រវត្តិសាស្ត្រផងដែរ ពិសេសគឺសម័យសង្គ្រាមលោកលើកទី២ និងក្រុមហ្វាស៊ីសនិយម។ យោងតាមលោក Volodin បណ្ដាមេដឹកនាំរបស់ប្រទេសមួយចំនួននៅអឺរ៉ុប ពិសេសអាល្លឺម៉ង់ខ្លួនឯងកំពុងនាំបញ្ហាស្មុគស្មាញឲ្យប្រជាពលរដ្ឋរបស់ខ្លួន។

ការផ្គត់ផ្គង់គ្រឿងសព្វាវុធទៅឲ្យអ៊ុយក្រែនមានន័យថា ពួកគេក្លាយជាភាគីពាក់ព័ន្ធក្នុងជម្លោះដែរ។ ពួកគេស្ងៀមស្ងាត់នៅពេលពួកណាស៊ីនៅក្នុងទីក្រុង Odesa បានដុតសម្លាប់ជីវិតជនស៊ីវិល ពួកគេពុំបានធ្វើអ្វីឡើយដើម្បីជួយការពារមនុស្សនៅក្នុងតំបន់ Donbas។ ហើយពេលនេះពួកគេកំពុងធ្វើគ្រប់យ៉ាង ដើម្បីសម្លាប់ទាសករនៅក្នុងប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន