នៅថ្ងៃអង្គារនេះ លោក David Sanchez ដែលត្រូវជាប្អូនប្រុសរបស់នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez ត្រូវបានកាត់ទោសក្នុងករណីប្រព្រឹត្តខុសរដ្ឋបាល ហើយនិងត្រូវហាមឃាត់ពីការកាន់តំណែងរដ្ឋរយៈពេល ៩ឆ្នាំ ពាក់ព័ន្ធនឹងការតែងតាំងលោកក្នុងតំណែងវប្បធម៌ជាន់ខ្ពស់ ដោយរដ្ឋបាលខេត្ត Badajoz កាលពីឆ្នាំ ២០១៧ ។
ការសម្រេចបែបនេះ ក្លាយជាការប៉ះទង្គិចនយោបាយថ្មីមួយទៀតដល់នាយករដ្ឋមន្រ្តីសង្គមនិយម Pedro Sanchez ដែលរដ្ឋាភិបាលរបស់លោក បានប្រឈមនឹងការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយជាបន្តបន្ទាប់រួចទៅហើយ ហើយនិងរឿងអាស្រូវ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ។
កាលពីខែមុន អតីតជំនួយការជិតស្និតរបស់លោក Sanchez ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៤ឆ្នាំ ពាក់ព័ន្ធនឹងករណីអំពើពុករលួយដាច់ដោយឡែកមួយផ្សេងទៀត ។
លោក David Sanchez ត្រូវបានរងការចោទប្រកាន់ថា ទទួលបានអត្ថប្រយោជន៍ច្រើនពីការតែងតាំងតំណែងនោះ ដោយសារទំនាក់ទំនងគ្រួសាររបស់លោកជាមួយនាយករដ្ឋមន្រ្តី ដែលបានច្រានចោលការចោទប្រកាន់ គឺជាផ្នែកមួយនៃយុទ្ធនាការផ្តើមចេញពីរឿងនយោបាយជំរុញដោយក្រុមស្តាំនិយម ។
តុលាការខេត្ត Badajoz រកឃើញថា តំណែងផ្តល់ជូនលោក David Sanchez ឲ្យត្រួតត្រាសាលាតន្រ្តីរបស់ខេត្ត ត្រូវបានបង្កើតឡើងដោយគ្មានតម្រូវការរដ្ឋបាលពិតប្រាកដណាមួយ ហើយផ្ទុយទៅវិញបានឆ្លើយតបនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ ៕