មន្រ្តីអង្គការសុខភាពពិភពលោក(WHO)និយាយនៅថ្ងៃអង្គារនេះថា ពួកគេទទួលបានមូលនិធិតិចជាងពាក់កណ្តាលប៉ុណ្ណោះ ដែលពួកគេត្រូវការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលឆ្លងជំងឺអេបូឡានៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយរូបលោកជំរុញឲ្យប្រទេសបរិច្ចាគ មិនត្រូវបោះបង់ចោលប្រទេសដែលសិ្ថតក្នុងដំណាក់កាលធ្ងន់ធ្ងរនៃការរីករាលដាលឆ្លងនោះទេ ។
លោក Chikwe Ihekweazu គឺជាប្រធានកម្មវិធីគ្រាអាសន្នសុខភាពរបស់ WHO និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រោយធ្វើដំណើរទៅកាន់ខេត្តរងផលប៉ះពាល់ខ្លាំងបំផុត Ituri ថា ការរីករាលដាលឆ្លងនេះ ត្រូវការធនធាន ដើម្បីផ្គូរផ្គងទំហំនៃការលំបាកដែលពួកយើងកំពុងប្រឈម ហើយនេះមិនមែនជាបន្ទុកដែលកុងហ្គោត្រូវដោះស្រាយតែម្នាក់ឯងនោះទេ ។
ទីភ្នាក់ងារសុខភាពសកលោកមួយនេះ ទទួលបានមូលនិធិត្រឹម ៤០ភាគរយប៉ុណ្ណោះ នៃមូលនិធិ ១១៥លានដុល្លារដែលពួកគេអំពាវនាវសុំ ដើម្បីដោះស្រាយបញ្ហាជំងឺអេបូឡា ដែលនៅពុំទាន់មានវិធីព្យាបាល ឬវ៉ាក់សាំងបង្ការនោះទេ ។
ការរីករាលដាលឆ្លងជំងឺអេបូឡា បច្ចុប្បន្នធ្វើឲ្យប៉ះពាល់ដល់ខេត្តចំនួន ៥របស់កុងហ្គោ ។ ជំងឺមួយនេះ បានសម្លាប់មនុស្សរាប់រយនាក់នៅខេត្តភាគខាងកើត Ituri, North Kivu និងខេត្ត South Kivu ។
កុងហ្គោ អះអាងថា ចំនួនករណីឆ្លងជំងឺអេបូឡានៅក្នុងប្រទេសមួយនេះ កើនឡើងដល់ ១.៨៧៣នាក់ និងករណីស្លាប់មនុស្ស ៦៧២នាក់ ៕