នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចោទប្រកាន់អ៊ុយក្រែនថា បានបើកការវាយប្រហារលើនាវាពាណិជ្ជកម្ម នៅសមុទ្រ Azov និងសមុទ្រខ្មៅ គឺជាទង្វើមួយដែលលោកចាត់ទុកថាជា អំពើភេរវកម្ម ។
លោក Lavrov និយាយថា អ្វីដែលរបបអ៊ុយក្រែនកំពុងធ្វើ មិនខុសពីចោរប្លន់នោះទេ ចោរប្លន់តាមសមុទ្រដែលរក្សាទុកទ្រព្យសម្បត្តិសម្រាប់ខ្លួនឯង ។ គោលដៅ គឺចង់បង្កការខូចខាត និងការបំភិតបំភ័យ ច្បាស់ណាស់ថា វាគឺជាអំពើភេរវកម្ម ។
លោកនិយាយថា រុស្ស៊ីនឹងបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការនាំចេញស្បៀងអាហារ និងផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាប្រទេសនៅអាហ្វ្រិក ។
លោក Lavrov បញ្ជាក់ទៀតថា វាកើតឡើងនៅសមុទ្រ Azov និងសមុទ្រខ្មៅ ប៉ុន្តែវាកើតឡើងចំពោះទ្វីបអាហ្វ្រិកផងដែរ ។ កន្លែងណាដែលអ៊ុយក្រែនមើលឃើញឱកាសបង្កការខូចខាត ពួកគេនឹងគិតធ្វើលើសហព័ន្ធរុស្ស៊ី ៕