សហភាពអឺរ៉ុប (EU) នៅថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ បានរិះគន់ធ្ងន់ៗ ចំពោះការគំរាមកំហែង លើតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសធ្វើយុទ្ធនាការយ៉ាងទូលំទូលាយ ប្រឆាំងនឹងស្ថាប័នតុលាការនេះ។
អ្នកនាំពាក្យ EU លោក Anouar El Anouni បាននិយាយថា៖ «យើងប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ និងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព។ ការវាយប្រហារ ឬការគំរាមកំហែង លើមន្ត្រី បុគ្គលិកដែលត្រូវបានតុលាការជ្រើសរើស ឬអ្នកដែលសហការជាមួយតុលាការ គឺមិនអាចទទួលយកបានឡើយ»។
កាលពីថ្ងៃចន្ទ ទីក្រុងវ៉ាស៊ីនតោនបានគំរាមតុលាការ ដោយការដាក់ទណ្ឌកម្មបន្ថែម និងវិធានការផ្សេងទៀត ដោយចោទប្រកាន់ថា បានបង្ក «ការគំរាមកំហែងដែលពុំអាចអត់ឱនឱ្យបាន ចំពោះអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក»។
រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានឱ្យដឹងថា ខ្លួននឹងដាក់សម្ពាធលើប្រទេសដទៃទៀតឱ្យដកខ្លួនចេញពីតុលាការនេះ ដែលជាការបង្ហាញពីការបង្កើនយ៉ាងខ្លាំងនូវកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើឱ្យស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងឡាអេ (ប្រទេសហូឡង់) ឯកោ និងធ្វើឱ្យលែងមានការគាំទ្រផ្នែកនយោបាយ និងហិរញ្ញវត្ថុ។
ក្រសួងការបរទេសបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យុទ្ធនាការនេះ នឹង «ធ្វើឱ្យ ICC មិនអាចដំណើរការបានជាប្រព័ន្ធ កំណត់គោលដៅលើទាហាន ឬមន្ត្រីអាមេរិក ឬគំរាមកំហែងដល់អធិបតេយ្យភាពរបស់អាមេរិក»។ សហរដ្ឋអាមេរិកពីមុនបានកំណត់គោលដៅលើមន្ត្រីតុលាការម្នាក់ៗដែលខ្លួនចាត់ទុកថាជាការគំរាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ មិនយូរប៉ុន្មានបន្ទាប់ពីលោក Trump បានវិលត្រឡប់ទៅកាន់តំណែងវិញ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរ លើមន្ត្រី ICC ជាច្រើនរូប ដោយសារតែដីកាចាប់ខ្លួនដែលចេញសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ជុំវិញសង្គ្រាម នៅតំបន់ហ្កាហ្សា៕