
នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសឥណ្ឌា បានកោះហៅឯកអគ្គរដ្ឋទូតរងអ៊ីរ៉ង់លោក Mohammad Javad Hosseini ជុំវិញការសម្លាប់នាវិកឥណ្ឌាម្នាក់ នៅច្រកសមុទ្រ Hormuz ។
ក្រសួងការពារជាតិអារ៉ាប់រួមនិយាយនៅថ្ងៃអង្គារនេះថា នាវិកជនជាតិឥណ្ឌាម្នាក់ ត្រូវបានសម្លាប់ និងនាវិក ៨នាក់ផ្សេងទៀត រងរបួស ពេលដែលនាវាដឹកប្រេងអារ៉ាប់រួម ២គ្រឿង រងការវាយប្រហារដោយមីស៊ីលតម្រង់គោលដៅរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz ដែលជាការកើនឡើងភាពតានតឹងចុងក្រោយនៅផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ ។
ពួកគេបន្តថា នៅក្នុងចំណោមអ្នករងរបួស ៨នាក់ ៤នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។ អ្នករងរបួស ៦នាក់ គឺជាជនជាតិឥណ្ឌា និងអ្នករងរបួស ២នាក់ទៀត គឺជាជនជាតិអ៊ុយក្រែន ។
ក្រុមហ៊ុនដឹកជញ្ជូនប្រេង ADNOC បញ្ជាក់ថា នាវាដឹកប្រេងឆៅខ្នាតយក្ស Mombasa B និង Al Bahyah រងការវាយប្រហារ ពេលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយនិងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ រាយការណ៍កាលពីខែមុនថា ក្រុមហ៊ុន ADNOC ស្ថិតក្នុងចំណោមក្រុមហ៊ុនដ៏សកម្មបំផុតនៅក្នុងប្រតិបត្តិការដឹកនាំដោយយោធាសហរដ្ឋអាមេរិក ដើម្បីនាំប្រេងឆៅតំបន់ឈូងសមុទ្រទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការផ្ទេរប្រេងចេញពីនាវាទៅកាន់នាវា(STS) នៅហួសច្រកសមុទ្រ Hormuz ។
ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកដែលពុំទទួលស្គាល់ការផ្ទេរប្រេង STS និយាយកាលពីថ្ងៃទី ១២ ខែកក្កដាថា ពួកគេបានសម្របសម្រួលការឆ្លងកាត់របស់នាវាជាង ៨០០គ្រឿង ហើយនិងប្រេងឆៅជាង ៤០០លានបារ៉ែល ឆ្លងកាត់ច្រកសមុទ្រ អំឡុងរយៈពេលជាង ២ខែកន្លងមកនេះ ៕