កងកម្លាំងសហរដ្ឋអាមេរិកបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទីបួនជាប់ៗគ្នាកាលពីថ្ងៃអង្គារ ១៤ កក្កដា សប្ដាហ៍នេះ និងបិទផ្លូវទឹកឡើងវិញដើម្បីទប់ស្កាត់នាវាកុំឳ្យបើកបរទៅ ឬមកពីកំពង់ផែរបស់ប្រទេសនេះ។
ជាការឆ្លើយតបអ៊ីរ៉ង់បានវាយប្រហារដោយមីស៊ីលជាបន្តបន្ទាប់ទៅលើមូលដ្ឋានទ័ពនានារបស់អាមេរិកក្នុងប្រទេសជាសម្ព័ន្ធរបស់ទីក្រុងវ៉ាស៊ីនតោន ដូចជា ហ្ស៊កដានី កាតា បារ៉ែន និងកូវ៉ែតជាដើម។

ខណៈប្រធានាធិបតីអាមេរិក Donald Trump បានដកថយពីការគំរាមកំហែងរបស់លោកក្នុងការយកពន្ធយ៉ាងច្រើនលើនាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស(Hormuz)លោកលើកឡើងថា លោកនឹងពង្រីកការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់នៅសប្តាហ៍ក្រោយ ដើម្បីផ្តោតលើរោងចក្រថាមពល និងស្ពាន ប្រសិនបើទីក្រុងតេអេរ៉ង់មិនយល់ព្រមលើកិច្ចព្រមព្រៀង។

លោក Trump បាននិយាយក្នុងបទសម្ភាសន៍មួយនៅកម្មវិធី Fox News ថា សប្តាហ៍ក្រោយវាពិតជាអាក្រក់សម្រាប់ពួកគេ ព្រោះសប្តាហ៍ក្រោយរោងចក្រថាមពលនឹងត្រូវរងការវាយប្រហារ។ សប្តាហ៍ក្រោយស្ពាននានានឹងត្រូវកម្ទេច។ ពួកលោកនឹងវាយកម្ទេចរោងចក្រថាមពលទាំងអស់របស់ពួកគេ។ ពួកលោកនឹងវាយកម្ទេចស្ពានទាំងអស់របស់ពួកគេ លុះត្រាតែពួកគេព្រមចូលតុចរចា។

បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា ការវាយប្រហារចុងក្រោយបំផុតគឺមានគោលបំណង ធ្វើឱ្យខូចសមត្ថភាពអ៊ីរ៉ង់ដែលប្រើដើម្បីវាយប្រហារការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងច្រកសមុទ្រ ជាច្រកដឹកជញ្ជូនសំខាន់សម្រាប់ប្រេង និងឧស្ម័នឈូងសមុទ្រ ជាកន្លែងដែលទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារម្តងហើយម្តងទៀតលើនាវាស៊ីវិល។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះនៅជិតទីក្រុងកំពង់ផែ Bandar Abbas នៅលើកោះ Qeshm នៃឈូងសមុទ្រក្បែរច្រកសមុទ្រ Hormuz និងទីតាំងផ្សេងៗទៀត៕
